ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​នៅ​ឆ្នាំ​២០១៨ ស្មើនឹង​១៧០​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

ភ្នំពេញ ៖ កិច្ចប្រជុំ​ចុងក្រោយ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ នៅវេលា​ម៉ោង​៤៖០០​នាទី​រសៀល ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ នេះ បាន​បោះឆ្នោត​យក​តួលេខ​១៦៥​ដុល្លារ ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្មករ​នៅ​ឆ្នាំ​២០១៨ ដោយ​បូក​នឹង​ប្រាក់​បន្ថែម​ពី​រាជរដ្ឋាភិបាល​ចំនួន​៥​ដុល្លារ​ទៀត ស្មើនឹង ១៧០​ដុល្លារ​ក្នុង​មួយខែ​។​
​ជា​រៀងរាល់ឆ្នាំ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តួលេខ​នេះ​រួចហើយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែង​សម្រេច​បន្ថែម​៥​ដុល្លារ​ថែមទៀត ពីលើ​តួលេខ​របស់ គណៈ​កម្ម ការ ប្រឹក្សា​ការងារ​។ ដូច្នេះ​ប្រាក់​ឈ្នួល​របស់​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង នឹង​ឡើងដល់ ១៧០​ដុល្លារ នៅ​ឆ្នាំ​២០១៨ គឺ​កើនឡើង​១៧​ដុល្លារ​ទៀត បើ​ធៀប​នឹង ឆ្នាំ​២០១៧​។​
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧​នេះ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ មាន​ចំនួន​ទាប​បំផុត ១៥៣​ដុល្លារ ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា ប្រមុខ​បានដាក់​គោលនយោបាយ ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ ជា រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​ប្រាក់​ឈ្នួល​អប្បបរមា​ជា​ផ្លូវការ ស្មើនឹង​១៧០​ដុល្លារ ក្នុងនោះ​មាន​ប្រាក់​បន្ថែម​របស់​រាជរ​ដ្ឋា​ភិ​បាល​ចំនួន​៥​ដុល្លារ​ផងដែរ​៕