ស្ត្រី​ម្នាក់​បាន​ស្លាប់​ពេល​​សម្រាលកូន​នៅ​មន្ទីរសម្ភព ម៉ា​នី ក្រុង​តាខ្មៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2017 ក+ ក-

​កណ្តាល ៖ ថ្មីៗ​នេះ គេ​សង្កេតឃើញ​មាន​ករណី​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ជា​បន្តបន្ទាប់ ពេល​ចូលទៅ​សម្រាលកូន​នៅក្នុង​មន្ទីរសម្ភព​នានា ដែល​ករណីនេះ ត្រូវបាន​មហាជន​និយាយថា បណ្តាលមកពី​ការធ្វេសប្រហែស របស់​ក្រុមគ្រូពេទ្យ ពិសេស​គ្មាន​វិជ្ជាជីវៈ​បច្ចេកទេស​ច្បាស់លាស់ ទើប​បណ្តាលឱ្យមាន​ករ​ណី​នេះ​កើតឡើង ។
​ជាក់ស្តែង កាលពី​វេលា​ម៉ោង ជាង​៧​យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បាន​ទៅ​សម្រាលកូន​នៅឯ​មន្ទីរ «​សម្រាក​ព្យាបាល និង​សម្ភព ម៉ា​នី » ក្រុង​តាខ្មៅ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​បាន​បែក​ទឹកភ្លោះ​ស្លាប់​ភ្លាមៗ​ចោល​កូន​ដែល​ទើបនឹង​កើត ។
​ស្ត្រី​រងគ្រោះ​មានឈ្មោះ រឿន ដា​នី ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធើ្វ​ធៀប​ការ​-​មាន​ស្រុកកំណើត​ភូមិ​កំពង់​ព្រឹង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​បើតាម​លោក ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តាខ្មៅ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ស្ត្រី​ម្នាក់​ទៅ​សម្រាលកូន​នៅ​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ម៉ា​នី កាលពី​យប់​ថ្ងៃទី​៧ តុលា​នោះ គឺ​ពិតជា​បាន​ស្លាប់​នៅក្នុង​មន្ទីរ​សំរាក​ពិតមែន ដោយពេល​ភ្លាមៗ​នោះ លោក​ក៏​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅតាម​ជំនាញ​របស់​នគរបាល​យុ​ត្តិ​ធ​ម៍ ។​
​លោក​អធិការ​បាន​បញ្ជាក់ថា​៖ បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចមក ជនរងគ្រោះ​ស្លាប់ ដោយសារ​បែក​ទឹកភ្លោះ តែ​ចំពោះ​ករណីនេះ លោក​នៅ​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា ជនរងគ្រោះ​ស្លាប់​ដោយ​អាការ​:​នេះ ឬ​ក៍​ស្លាប់​ដោយសារ​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ ដោយសារ​កិច្ចការ​នេះ ជា​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​។ ករណីនេះ​លោក​បាន​រាយការណ៍​ទៅ​ស្ថាប​ន័​តុលាការ​ហើយ ក្នុងនោះ​លោក​ក៏​កំពុង​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បន្ត​ផងដែរ​។​
​តាម​ការបំភ្លឺ​របស់​ម្តាយ​ជនរងគ្រោះ ឈោះ្ម​ឆាយ សោ​ភណ្ឌ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​មេផ្ទះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ បាន​ប្រាប់​ម្តាយ​ថា ឈឺពោះ គាត់​ក៏បាន​រៀបចំ​ឥ​វ៉ាន់ ដើម្បី​មក​សម្រាលកូន នៅ​មន្ទីរពេទ្យ​សម្ព​ព ម៉ា​នី ពេលមកដល់​គ្រូពេទ្យ​ក៏បាន​យក​ជនរងគ្រោះ ចូលក្នុង​បន្ទប់ លោកគ្រូ​ពេទ្យ​ក៏បាន​ដាក់​សេរ៉ូម​ឲ្យ​ជនរងគ្រោះ បាន​ប្រហែល​មួយសន្ទុះ ជនរងគ្រោះ​ក៏បាន​ឈឺពោះ​បែក​ទឹកភ្លោះ ហើយ​គ្រូពេទ្យ​ក៏បាន​ចាប់ផ្តើម​យក​ជនរងគ្រោះ ឡើងលើ​គ្រែ​ដើម្បី​សម្រាលកូន ដោយ​ជនរងគ្រោះ​ខំប្រឹង​បង្កើតកូន​ចេញមក ក៏​សន្លប់​នៅពេលនោះ គ្រូពេទ្យ​ក៏​ជួយសង្គ្រោះ​ទារក​រួចហើយ ក៏​ជួយសង្គ្រោះ​ជនរងគ្រោះ ប៉ុន្តែ​ធ្លាក់ឈាម​ច្រើន ដោយ​ជនរងគ្រោះ​មាន​អារម្មណ៍​ថប់​ទ្រូង គ្រូពេទ្យ​ក៏បាន​ជួយសង្គ្រោះ​សង្កត់​ទ្រូង ប៉ុន្តែ​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន ក៏​ដាច់ខ្យល់​ស្លាប់បាត់​តែម្តង​។​
​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​ប្រធាន​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ម៉ា​នី នេះដែរ ប៉ុន្តែ​មិនអាច​ទំនាក់ទំនង​បានទេ កាលពី​ព្រឹក​ថ្ងៃទី​៨ តុលា ឆ្នាំ​២០១៧ នេះ​​។

​សូម​រំលឹកថា​៖ មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព នៅ​ក្រុង​តាខ្មៅ គឺ​កើតមាន​ករណី ស្ត្រី​សម្រាលកូន​ស្លាប់​ញឹកញាប់​ណាស់ ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ ក្រសួងសុខាភិបាល និង​ស្ថាប​ន័​ពាក់​ព​ន្ធ័​មេត្តា​ពិនិត្យ និង​ជួយ​ចាត់វិធានការ​ទៅលើ​គ្រូពេទ្យ ដែល​គ្មាន​ជំនាញ​ច្បាស់លាស់​ផង ។ ពួកគាត់​កំពុង​រង់ចាំ​មើលថា តើ​ស្ថាប័ន័តុលាការ នឹងមាន​វិធានការ​បែបណា​ទៅលើ​ករណីនេះ ៕