​ផ្ទុះ​ឆេះ​រថយន្ត​ដឹក​ប្រេង​ បង្កឲ្យមនុស្ស​១៣៩​នាក់​ស្លាប់ និង​របួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2017 ក+ ក-

​ហ្គា​ណា ៖ មន្ត្រី​អាជ្ញាធរ​បាន​និយាយ​ពីថ្ងៃ​ម្សិលមិញ​នេះ​ថា រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​បាន​ផ្ទុះ​ឆេះ​ស្ថានីយ​ប្រេង​មួយកន្លែង​បន្ទាប់មក​មានការ​ផ្ទុះ​មួយទៀត​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៧​នាក់​ស្លាប់ និង​១៣២​នាក់​ទៀត​រងរបួស​នៅ​ជាយ​ទីក្រុង​អាក្រា នៅ​ប្រទេស​ហ្គា​ណា​។​
​អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ប្រទេស​ហ្គា​ណា​និយាយថា រថយន្ត​ដឹក​ប្រេង​នេះ​បាន​ផ្ទុះ​នៅ​ជិត​ស្ថានីយ​ប្រេង​ដែល​រង​ការឆាបឆេះ​ដោយសារ​ការផ្ទុះ​រថយន្ត​នេះ​។ អនុរដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា អគ្គិភ័យ​ដោយសារ​ការផ្ទុះ​លើក​ទី​១​ត្រូវបាន​គ្រប់គ្រង​បាន​ហើយ ប៉ុន្តែ​សេវា​ពន្លត់​អគ្គិភ័យ​នៅ​កំពុង​ព្យាយាម​គ្រប់គ្រង​ការផ្ទុះ​ឆេះ​ជា​លើក​ទី​២​ទៀត​។​
​គួរ​បញ្ជាក់ថា ហ្គា​ណា​ដែលជា​ប្រទេស​ផលិត​ឧស្ម័ន និង​ប្រេង​មួយ​នោះបាន​ទទួលរង​គ្រោះថ្នាក់​មួយចំនួន​ក្នុងពេល​ថ្មីៗ​នេះ​រួមទាំង​ការផ្ទុះ​មួយ​បានកើត​ឡើង​នៅ​ឆ្នាំ​២០១៥​ដែល​បានសម្លាប់​ចំនួន​ប្រហែល​១០០​នាក់​ផងដែរ​៕