តុលាការ​កំពូល​តម្កល់​ទោស​អតីត​ឧត្ដមសេនីយ៍ ឈឿន ចាន់ថន អោយ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2017 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៧​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បានប្រកាស​សា​ដីកា​សម្រេច​តម្កល់​ទោស​អតីត​ឧត្ដមសេនីយ៍ឯក​យោធា ឈឿន ចាន់ថន អាយុ​៤១​ឆ្នាំ ដាក់ពន្ធនាគារ​១៥​ឆ្នាំ​ដដែល​ក្រោម​ការចោទប្រកាន់​ពីបទ​”​រំលោភ​លើ​ទំនុកចិត្ត , បំផ្លិចបំផ្លាញ​ដោយ​ចេតនា , គៃបំបាត់​ដោយ​ទុច្ចរិត , លក់ដូរ​និង​ចែកចាយ​អាវុធ , បំផ្លិចបំផ្លាញ​នូវ​សម្ភារៈ​យោធា​សម្រាប់​បម្រើការ​ប្រយុទ្ធ​និង​ខ្វះ​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព​”​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០០៧ តាម​មាត្រា​៦០១ មាត្រា​៤៤៧ មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​២០​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​និង​គ្រាប់រំសេវ និង មាត្រា​៩​នៃ​ក្រឹត្យច្បាប់​លេខ​០៤​ឆ្នាំ​១៩៨១ ។​
​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៧​តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ ទោស​អតីត​ឧត្ដមសេនីយ៍ឯក​យោធា ឈឿន ចាន់ថន នាពេល​សវនាការ​ជនជាប់ចោទ​បាន​ឆ្លើយ​បដិសេធថា ខ្លួន​មិនបាន​ប្រព្រឹត្ត​អ្វី​ដូច​តុលាការយោធា​ចោទប្រកាន់​នោះទេ ហើយ​សូម​ស្នើ​ឲ្យ​តុលាការ​កំពូល​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​គួរ​បញ្ជាក់ថា អតីត​ឧ​ត្ត​ម​សេនីយ៍​ឯក​ឈឿន ចាន់ថន ហៅ​ម៉ៅ មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១១ រួមជាមួយ​អង្គរក្ស​៣​នាក់​ផ្សេងទៀត​នៅក្នុង​ភូមិគ្រឹះ​តម្លៃ​ជិត​១​លាន​ដុល្លារ លេខ​៦៥ ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។​
ការចាប់ខ្លួន​គួរឱ្យភ្ញាក់ផ្អើល​នេះ គឺ​បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ដកហូត​ឋានន្តរស័ក្តិ និង​តួនាទី​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១១​មានន័យថា ការចាប់ខ្លួន​នេះ​ធ្វើ​បន្ទាន់​តែម្តង​។ ជាមួយគ្នានេះ ក៏មាន​អនុក្រឹត្យ​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​យឹម លាង ឱ្យទទួល​តំណែង​ជា​មេបញ្ជាការ​កង​អង្គរក្ស​ជំនួស​វិញ​៕