ការចូល​ទស្សនា​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ឈប់​យកលុយ​ថ្លៃ​សំបុត្រ​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​នេះ បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន សុខាអូតែល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​រមណីយដ្ឋាន​បូកគោ ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង ០០៖០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​តទៅ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​តាមរយៈ Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល មាន​សេចក្តី​រីករាយ សូម​ជម្រាបជូន​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​រមនីយដ្ឋាន​បូកគោ ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង ០០:០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ តទៅ​។​
​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​បាន​ឡើងទៅ​ទស្សនា​កម្សាន្ដ​នៅលើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ ជាពិសេស​បាន​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​និង​សែន​មនោ​រម្យ និង​ស្វែងយល់​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដ៏​មានតម្លៃ ដែលមាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​។ បងប្អូន​ជនរួមជាតិ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឡើងទៅ​កាន់​តំបន់​រមណីយដ្ឋាន​បូ​គោ ដើម្បី​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ និង​សាសនា ក៏ដូចជា​ការគោរព​ប្រតិបត្តិ​ពិធី​ប្រពៃណី​សាសនា​នៅលើ​តំបន់​ប្រវត្តិសាស្ដ្រ​នេះ​។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា ដំណោះស្រាយ​នេះ ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូ​គោ​» ក៏ដូចជា​នៅ​របៀង​ទេសចរណ៍​ភាគខាងត្បូង ជាពិសេស​តំបន់ឆ្នេរ មានការ​កើនឡើង​បន្ថែមទៀត សំដៅ​រួមចំណែក​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​»៕