ករណី​ចាប់រំលោភ​សម្លាប់​ក្មេងស្រី​បោះ​សព​ចោល​ក្នុង​ទន្លេ​នៅ​កោះដាច់ តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​១៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​រំលោភ និង​សម្លាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំ រួច​បោះ​សព​ចោល​ក្នុង​ទឹកទន្លេ​នៅ​កោះដាច់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​ជា​ប្រាក់​ទៅ​គ្រួសារ​ជនរងគ្រោះ​ចំនួន​៨០​លាន​រៀល ក្រោម​បទ​ចោទ «​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ​» ។​ ការប្រកាសសាលក្រមនេះធ្វើឡើងកាលពីម្សិលមិញ។
​ជនជាប់ចោទ​ឈ្មោះ ហ៊​ន សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន​កោះដាច់​។ មុនពេល​ត្រូវ​ចាប់ខ្លួន រស់នៅ​ភូមិ​រនៈ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​។ ដោយឡែក ជនរងគ្រោះ​មានឈ្មោះ ឌ​.​ត អាយុ​១០​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣​ខ នៃ​សាលាបឋមសិក្សា​សម្តេចឪ រស់នៅ​ជាមួយ​ឪពុកម្តាយ​ភូមិ​កោះដាច់ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​។
​សូម​រម្លឹកថា កាលពី​ល្ងាច​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧ ខណៈដែល​ជនរងគ្រោះ​ដើរ​មកពី​សាលារៀន សំដៅ​ទៅផ្ទះ​ម្នាក់ឯង លុះដល់​ចំណុចកើតហេតុ​ខាងលើ ជនជាប់ចោទ​បាន​ហៅ​ជនរងគ្រោះ មក​ជិះ​ម៉ូតូ​ជាមួយ រួច​ឌុប​ជនរងគ្រោះ ទៅ​ច្រាំងទន្លេ​ជា​កន្លែង​ស្ងាត់ ហើយ​សុំ​ជនរងគ្រោះ​រួមភេទ ប៉ុន្ដែ​ជនរងគ្រោះ​មិន​ព្រម ពេលនោះ ជនជាប់ចោទ​បាន​ចាប់​ក្រៀក​ឱប​ជនរងគ្រោះ​ផ្ដួល​ទៅលើ​ដី តែ​ជនរងគ្រោះ​បាន​រើ​បំរាស់​រួច ក៏​រត់​ចេញពី​ជនជាប់ចោទ​។ ដោយ​ខ្លាច​ជនរងគ្រោះ​និយាយប្រាប់​ឪពុកម្ដាយ ទើប​ជនជាប់ចោទ​បាន​ដេញតាម​ចាប់​ជនរងគ្រោះ​បាន រួច​ចាប់​ច្របាច់ក និង​អូស​ទៅ​ច្រមុជ​ទឹក​សម្លាប់ចោល​ក្នុង​ទន្លេ​តែម្តង​។ ចំណែក​សព​ក្មេងស្រី​រងគ្រោះ​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ អ​ណ្តែ​ក​ក្នុង​ទន្លេ នៅ​ចំណុច​ភូមិ​ចុះ​កោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា កាលពី​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​៕