លោក ខៀវ សុភ័គ ​ប្រតិកម្ម​តប​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ប្រតិភូ​សហភាព​អឺរ៉ុប​បានចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ការរំលាយ​បក្សប្រឆាំង​អាច​នឹងធ្វើ​ឲ្យ​បាត់បង់​កិត្យានុភាព​នៃ​ដំណើរការ​បោះឆ្នោត​នោះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ត្រូវបាន​ដកស្រង់​សំដី​ដោយ VOD ដោយ​ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ធ្វើឡើង​តាម​ខ្លួន​នឹកឃើញ​តែប៉ុណ្ណោះ ។​
​លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​គោរព​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​បើទោះជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ក៏មាន​គណបក្ស​ផ្សេងទៀត​ចូលរួម សម្រាប់​ការបោះឆ្នោត​ដែរ ។​
VOD បាន​ដកស្រង់​សំដី​លោក ខៀវ សុភ័គ ផ្សាយ​ថា ជាការ​ពិតណាស់ កាល​ហ្នឹង (​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧) ប្រជាពលរដ្ឋ​អត់​បានដឹងថា បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ កឹម សុខា ដែលជា​ជន​ក្បត់ជាតិ​។ ទើបតែ​នៅពេលនេះ​លោក​ដឹង​ហើយ​ថា អ្វីដែល​លោក កឹម សុខា បានធ្វើ​គឺជា​ការ​ធ្វើឡើង ដោយ​តាម​ការណែនាំ​របស់​បរ​ទេស​ដែល​ចង់​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស ដូចជា​ស៊ី​រី ឬ​លី​ប៊ី ជាដើម​។ ដូច្នេះ ប្រជាពលរដ្ឋ​កម្ពុជា គាត់​បាន​ដកឃ្លា មក​ពិចារណា​អំពី​សន្លឹកឆ្នោត​របស់ខ្លួន​ហើយ នៅ​ឆ្នាំ​២០១៨ ។ លោក​បញ្ជាក់​បន្ថែមថា ជំហរ​របស់​រដ្ឋាភិបាល មិនអាច​ថយក្រោយ​នោះទេ តែ​ថា ការសម្រេច​រំលាយ ឬ​មិន​រំលាយ​យ៉ាងណា​នោះ គឺ​ស្ថិត​ទៅលើ​ការសម្រេច​តុលាការ​កំពូល ៕