មនុស្ស​១១​នាក់​ស្លាប់ ក្នុងករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2017 ក+ ក-

អាមេរិក ៖ អភិបាលរដ្ឋ​កាលី​ហ្វ​រ​ញ៉ា​លោក ចឺ​រី ប្រោ​ន (Jerry Brown) បាន​និយាយថា មនុស្ស​១១​នាក់​ហើយ​បាន​បាត់​បង់ជីវិត ក្នុង​គ្រោះ​អគ្គិភ័យ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​មួយ​ដែល​បាននិងកំពុង​តែ​វាយប្រហារ​តំបន់​ភាគ​ខាងជើង នៃ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ក៏ដូចជា​អគារ​ពាណិជ្ជកម្ម​១,៥០០​ពាន់​ខ្នង ខណៈដែល​មនុស្ស​ប្រមាណ​២០,០០០​នាក់​ត្រូវ​បង្ខំ​ជម្លៀស​ខ្លួន​ចេញពី​កន្លែង​ជ្រកកោណ​របស់​ពួកគេ​ថែម​ទៀតផង​។ នេះ​បើតាម​សារព័ត៌មាន BBC​។​
​លោក​អភិបាល​បន្តថា លោក​បានសម្រេច​ប្រកាសអាសន្ន​នៅក្នុង​តំបន់ Napa, Soma, និង Yuba ខណៈដែល​អណ្តាតភ្លើង​បាន​បន្ត​រីក​រាលដាល​ទៅកាន់​ទិស ខាងត្បូង​រក​តំបន់ San Francisco Bay​។ ទន្ទឹម​នោះ​លោក Brown ក៏បាន​ពង្រីក​សេចក្តីប្រកាស​អាសន្ន​នេះ​ទៅដល់​តំបន់​ចំនួន​០៤​ទៀត នៅ​ភាគ​ខាងជើង​រដ្ឋ រួមជាមួយ​និង​តំបន់ Orange នៅ​ភាគខាងត្បូង​។
​គួរ​បញ្ជាក់ថា ភ្លើង​ឆេះ ព្រៃ​ចំនួន​១៥​ដាច់ដោយឡែក​ពីគ្នា នៅលើ​ផ្ទៃដី​ប្រមាណ​ជិត​០៣​ម៉ឺន​ហិកតា ក្នុង​ភាគ​ខាងជើង​រដ្ឋកា​លី​ហ្វ​រ​ញ៉ា ចាប់​តាំងតែ​ពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ (​ពេលវេលា​នៅ​ភាគ​ខាងលិច​អាមេរិក​)៕