មេទ័ពអ៊ីរ៉ង់​ព្រមាន​ថា ​នឹង​ផ្តល់​មេរៀន​ថ្មី​ដល់​សហរដ្ឋអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2017 ក+ ក-

តេ​ហេ​រ៉ង់ ៖ ជា​ឆ្លើយតប​នឹង​ការគំរាមកំហែង​ប្រឆាំងនឹង ទីក្រុង​តេ​ហេ​រ៉ង់ អ្នកនាំពាក្យ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់ លោក Masoud Jazayeri បាន​ព្រមាន​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ថា កងកម្លាំង​អ៊ីរ៉ង់​នឹង​ផ្ដល់​មេរៀន​ថ្មី​មួយ​ដល់​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​លោក Masoud Jazayeri ដែលជា​មេញ្ជា​ការ​កងកម្លាំង ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ផង​នោះបាន​បញ្ជាក់​ដូច្នេះ​ថា «​មើលទៅ​វា​ហាក់ដូចជា​រដ្ឋបាល​ដូ​ណា​ល់ ត្រាំ ចេះតែ​ពាក្យសន្យា​នឹង​មាត់​តែប៉ុណ្ណោះ ដូច្នេះ​ពួកគេ​គួរតែ​ទទួលរង​វិបត្តិ​ខ្លះ​ដើម្បី​យល់​ពី អត្ថន័យ​នៃ​អំណាច​ថ្មី​នៅលើ​ពិភពលោក​…​ហើយ​វា​ដល់​ពេលដែល​យើង​ត្រូវ​បង្រៀន​ពី​មេរៀន​ថ្មី​ដល់​សហរដ្ឋអាមេរិក​»​។​
​ការ​ថ្លែង​បែបនេះ​របស់លោក Masoud Jazayeri ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក នាំគ្នា​ចុះផ្សាយ​ថា​លោក ដូ​ណា​ល់ ត្រាំ ទំនងជា​អាច​នឹង​ប្រកាស​បោះបង់ចោល​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​នៅ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​តាម​អ្វីដែល​លោក​ធា្ល​ប់​បាន​សន្យា​នៅ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ​២០១៥​។
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​រំពឹងថា នឹងដាក់​បញ្ចូល​កងក​ម្លាំ​ង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ IRGC ទៅក្នុង​បញ្ជីខ្មៅ​នៃ​រដ្ឋ​គាំទ្រ​ភេរ​វករ​។ ក៏ប៉ុន្តែ គេ​ក៏​រំពឹង ដែរ​ថា​ទណ្ឌកម្ម​របស់​ទីក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ជះឥទ្ធិពល​ដល់​ជម្លោះ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ជាទី​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេ​ហេ​រ៉ង់ គាំទ្រ​ភាគី​ជម្លោះ​រៀងៗ​ខ្លួន ខណៈ​អ៊ីរ៉ង់​បាន​ព្រមាន​ថា នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​រួមមាន​ទាំង​កម្លាំងយោធា បើសិនជា​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​នេះ​មែន​នោះ​៕