មនុស្ស​ស្លាប់​កើន​ដល់​១៥​នាក់ និង​១៥០​នាក់​បាត់​ខ្លួន​ក្នុងករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា មកទល់ពេលនេះ មនុស្ស​១៥​នាក់​ហើយ​បាន​បាត់​បង់ជីវិត និង​ច្រើនជាង​១៥០​នាក់ កំពុង​បាត់​ខ្លួន ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​បាន​រីក​រាលដាល​ពាសពេញ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ​រញ៉ ដែល​ស្ថិតនៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។
​អាជ្ញាធរ​អាមេរិក ករណី​មនុស្ស​ស្លាប់​ខាងលើ​បាន​កើតមានឡើង​នៅក្នុង​តំបន់ សូ​ណា​ម៉ា (Sonama) ០៩​នាក់​, តំបន់ ណា​ប៉ា (Napa) ០២​នាក់​, តំបន់ មិន​ដូ​ស៊ី​ណូ (Mendocino) ០៣​នាក់​, និង តំបន់ យូ​បាន (Yuba) ម្នាក់ ខណៈ​មនុស្ស​លើសពី​១៥០​នាក់​ផ្សេងទៀត បាននិងកំពុង​តែ​បន្ត​បាត់​ខ្លួន​នៅក្នុង​តំបន់ Sonoma​។ ជាមួយគ្នានេះ​មនុស្ស​ជាង​៣,០០០​នាក់ កំពុង​បន្ត​ស្ថិតក្នុង​ទីជម្រក​សុវត្ថិភាព​ដដែល ខណៈ​ភ្លើង​ឆេះ​ព្រៃ​ចំនួន ១៧​កន្លែង ដាច់ដោយឡែក​ពីគ្នា បាន​ឆាបឆេះ​នៅលើ​ផ្ទៃដី​ប្រមាណ ៤៦,៥០០​ហិកតា ទូទាំង​រដ្ឋកា​លី​ហ្វ​រ​ញ៉ា ហើយ​សំណង់​នានា រួមមាន​ទាំង ហាង​, មន្ទីរពេទ្យ​, និង​លំនៅឋាន​យ៉ាងតិច ២,០០០​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​ផងដែរ​៕