ជំងឺ​បក្ខពួក គ្រួសារនិយម​រាតត្បាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2015 ក+ ក-

​ភ្នំពេញ​៖ អង្គការ​វេទិកាព័ត៌មាន និង​បណ្ឌិតសភា (Media & Academic Forum-MAF) ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​អាណត្តិ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​សំដែង​ការព្រួយបារម្ភ​ចំពោះ​អំពើ​បក្ខពួកនិយម​រប​ស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ថា​ជា​អំពើ​បង្ក​ការពង្រីក​អំណាច​របស់​ប្រធាន​នៅក្នុង​ស្ថាប័ន និង​ជាហេតុ​បណ្តាលអោយមាន​ផលប៉ះពាល់ ដល់​អារម្មណ៍​នៃ​អ្នកក្រោមបង្គាប់​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ មាន​កម្រាស់​២​ទំព័រ ចេញផ្សាយ​ថ្ងៃ​ពុធ ទី​១១ មីនា​នេះ អង្គការ MAF បានសរសេរថា លោក អៀង មូលី បានតែងតាំង​បងថ្លៃ របស់ខ្លួន ឈ្មោះ​គង់ រដ្ឋា អោយធ្វើ​នាយក ខុទ្ទកាល័យ​ប្រធាន ជា​អនុប្រធាន​អាជ្ញាធរ និង​ជា​សមាជិក​គណកម្មាធិកា​រ​ដេញថ្លៃ ដែលជា​ហេតុ​ធ្វើ អោយ​មានការ​អាក់អន់​ស្រពន់ចិត្ត​ពី​សំណាក់​មន្ត្រី​ក្រោមបង្គាប់​មួយ ចំនួន និង​បាន​បង្កអោយមាន ការមិនសប្បាយចិត្ត និង​ការមិន​មក​បំពេញការងារ​ពី​សំណាក់​មន្ត្រី​មួយចំនួនទៀត​។​

ប្រភពព័ត៌មាន​ផ្ទៃក្នុង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​, អ្នក​ដែល​មិន​សប្បាយចិត្ត​ជាងគេ គឺ​ប្អូនប្រុស របស់លោក​អៀង មូលី គឺ​លោក​វេជ្ជបណ្ឌិត អ៊ុក វ​ឌ្ឍ​នា ទីប្រឹក្សា​អាជ្ញាធរ​។ លោក​វេជ្ជបណ្ឌិត អ៊ុក វ​ឌ្ឍ​នា បាន​បង្ហើប​ថា លោក​មិន​មក​ធ្វើការ​នៅ​អាជ្ញាធរ ដោយសារ​លោក​មិន ពេញចិត្ត​នឹង​លោក​អៀង មូលី ដែល​តែងតាំង​បងប្រុស​របស់​ប្រពន្ធ​លោក​អោយមាន​មុខតំណែង​រហូត​ដល់​ទៅ​៤ នៅក្នុង​អង្គភាព តែមួយ​។ លោក​បាន​ប្រសាសន៍​សំដៅ​លោក គង់ រដ្ឋា ដែលមាន​មុខតំណែង ជា​ជំនួយការ របស់ ប្រធាន​ផង ជា​នាយក​ខុទ្ទកាល័យ​ប្រធាន​ផង ជា​អនុប្រធាន​អាជ្ញាធរ​ផង និង​ជា​សមាជិក គណ​ក​ម្មា ធិ​ការដេញថ្លៃ​ផង ។ ប្រភព​ផ្ទៃក្នុង​មួយ​ផ្សេងទៀត បាន​ប្រាប់​សារព័ត៌មាន​សេរី ដោយ​សុំ​មិន​បញ្ចេញ ឈ្មោះថា តាមរយៈ​មុខតំណែង​ជា​អនុប្រធាន​អាជ្ញាធរ ប្រធាន​ខុទ្ទកាល័យ និង​សមាជិក​នៃ គណកម្មាធិការ ដេញថ្លៃ​របស់​អាជ្ញាធរ លោក​គង់ រដ្ឋា បាន​កាន់កាប់​របប​ប្រេង​របស់​ថ្នាក់ដឹកនាំ​ទាំងអស់​។ សេចក្តី​ថ្លែង​ការ​របស់​អង្គការ​វេទិកាព័ត៌មាន និង​បណ្ឌិតសភា (MAF) នៅបាន​សំដែង​ការព្រួយបារម្ភ​ចំពោះ​ការតែងតាំង​ក្មួយប្រុស​របស់លោក គង់ រដ្ឋា ឬ​ក្មួយប្រុស​របស់​ភរិយា​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី អោយ​ធើ្វ​ជា​ប្រធាន​នាយក​រដ្ឋា​ន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ជំនួស​លោក ឈឹម ឃិន​ដា​រ៉េត ដែលជា​មន្ត្រី ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ថា​ជា​អំពើ​ពង្រីក​អំណាច និង​បិទបាំង​ភាពមិន​ប្រក​ត្រ​តី​របស់ខ្លួន​ផងដែរ​។​

​យោងតាម​ព័ត៌មាន​ផ្ទៃក្នុង ដែល​សារព័ត៌មាន​សេរី​ទទួលបាន គឺថា លោក​អៀង មូលី ដែល ចូលចិត្ត​ចាយ វាយ​ប្រាក់​របស់​រដ្ឋ​តាម​អំពើ​ចិត្ត ដូច​ការគ្រប់គ្រង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា កាលពី អំ​ឡុងចុង​ទសវត្ស​ឆ្នាំ​១៩៩០ និង​ដើម​ទសវត្ស​ឆ្នាំ​២០០០ នោះ ធ្លាប់បាន​បញ្ជាការ ចាយវាយ​ទៅ លោក​ឈឹម ឃិន​ដា​រ៉េត មិន​ចេញ ដោយហេតុថា​លោក​ឈឹម ឃិន​ដា​រ៉េត ជា​អ្នកជំនាញ ផ្នែក​ហិរញ្ញវត្ថុ នោះ ទើប​លោក​អៀង មូលី និង​លោក​គង់ រដ្ឋា ឃុបឃិត​គ្នា​ស្នើសុំ​ការផ្លាស់ប្តូរ​ពី​ថ្នាក់លើ ដោយ​ដាក់​ក្មួយ ប្រសារ និង​ក្មួយប្រុស​របស់ខ្លួន ជំនួស​លោក ឈឹម ឃិន​ដា​រ៉េត ។ នៅ​ចុងបញ្ចប់ អង្គការ​វេទិកាព័ត៌មាន និង​បណ្ឌិតសភា បាន​អំពាវនាវ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​រាប់ទាំង​ម្ចាស់ជំនួយ​ផង អោយជួយ​ចូលរួម ឃ្លាំមើល សកម្ម​ភាពមិនប្រក្រតី​នេះ ដើម្បី​ការពារ​កុំអោយ​មានការ​ចំណាយ​ថវិកា​ជំនួយ និង​ថវិកាជាតិ ខ្ជះខ្ជាយ​។ «​អង្គការ វេទិការ​ព័ត៌មាន និង​បណ្ឌិតសភា សូម​អំពាវនាវ​ដល់​ប្រទេស​ម្ចាស់ជំនួយ ប្រមុខ​នៃ រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​សវនកម្ម អង្គភាព​ប្រឆាំងនឹង​អំពើពុករលួយ រួមទាំង បណ្តា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ មេត្តាជួយ​តាមដាន និង​ពិនិត្យមើល ការគ្រប់គ្រង​លើ​ការចំណាយ​ថវិកា របស់​ស្ថាប័ន​ជាតិ​មួយ​នេះ លើ​ខ្ទង់ចំណាយ​មួយចំនួន​ដូចជា ការចំណាយ​លើ​បេសកកម្ម ក្រៅប្រទេស ដែល​ឥតប្រយោជន៍ ការចំណាយ​លើ​បេសកកម្ម​ក្នុងប្រទេស​ដែល​មិន​ប្រក្រតី ការចំណាយ​លើ​របប ប្រេងសាំង​របស់​ប្រធាន និង​អុន​ប្រធាន រួមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត ដែល​ប្រើប្រាស់​សំដៅ បម្រើ​ផលប្រយោជន៍​ឯកជន ។​ល​។ » ។​

​គួរ​ជម្រាប​ផងដែរ​ថា អង្គការ​វេទិកាព័ត៌មាន និង​បណ្ឌិតសភា គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​ឡឹម ពេ​ជ្ញ​ពិសី ដែលជា​អតីត​ទីប្រឹក្សា​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។​

​លោក​បាន​លាឈប់​ពីមុខ​តំណែង​កាលពី​ចុងឆ្នាំ​២០១៤ ដោយសារ​បញ្ហា​សុខភាព និង​ការមិន​ពេញចិត្ត នឹង​អំពើ​បក្ខពួកនិយម របស់​ប្រធាន​ស្ថាប័ន និង​បងថ្លៃ​របស់លោក គឺ​លោក​គង់ រដ្ឋា​។ អង្គការ​វេទិកា ព័ត៌មាន និង​បណ្ឌិតសភា (MAF) មាន​បេសកកម្ម​ចូលរួម​ពង្រឹង​សេរីភាព បញ្ចេញមតិ សេរី​សារព័ត៌មាន ការពង្រឹង​គុណភាព​អប់រំ និង​ការចូលរួម​ប្រឆាំងនឹង​អំពើពុករលួយ នៅ​កម្ពុជា​។

នៅ​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី និង​លោក​គង់ រដ្ឋា ប្រធាន និង​អនុប្រធាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ទេ ប៉ុន្តែ​កន្លងមក លោក​គង់ រដ្ឋា អនុប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ និង​ជា​ប្រធាន​ខុទ្ទកាល័យ​លោក​អៀង មូលី ធ្លាប់បាន​ចោទ​លោក ឡឹម ពេ​ជ្ញ​ពិសី តាមរយៈ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា លោក​ឡឺម ពេ​ជ្ញ​ពិសី មានបំណង​បង្កាច់ បង្ខូចកេរ្តិ៍​ឈ្មោះ​របស់ ប្រធាន​អាជ្ញាធរ នេះ ។ ទោះជា​យ៉ាងណាក្តី លោក​គង់ រដ្ឋា បាន​សារភាព​ប្រាប់​បណ្តាញ ព័ត៌មាន​ក្នុង ស្រុក​ថា ពិត​ជាមាន​សាច់ញាតិ និង​បងប្អូន​របស់លោក​អៀង មូលី នៅក្នុង​ស្ថាប័ន​ជាតិ​មួយ​នេះ​មែន ៕

លោក គង់ រដ្ឋា បងថ្លៃ​លោក អៀង ម៉ូ​លី