​មនុស្ស​១៦​នាក់ស្លាប់ និង​៨​នាក់របួស ​ក្នុងកុបកម្ម​នៅ​ពន្ធនាគារ​មួយកន្លែង​នៅ​ម៉ិ​ក​ស៊ិ​ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2017 ក+ ក-

​ម៉ិ​ក​ស៊ិ​ក ៖ មន្ត្រី​បាន​និយាយថា មនុស្ស​ចំនួន​១៦​នាក់​ស្លាប់ និង​៨​នាក់​ទៀត​រងរបួស​ក្នុង​អំពើ​កុបកម្ម​នៅ ពន្ធ​គារ​មួយ​នៅ​រដ្ឋ​នូ​វ៉ូ​ឡេ​អូន​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​ក្នុងនោះ​មាន​ឆ្មាំ​ពន្ធនាគារ​ចំនួន​២​នាក់​ផងដែរ​បាន​រងរបួស​ធ្ងន់ ខណៈដែល​រដ្ឋាភិបាល​នៅក្នុង​រដ្ឋ​នេះ​បាន​និយាយ​ពីថ្ងៃ​ម្សិលមិញ​ថា អ្នកទោស​ចំនួន​៣​នាក់​ទៀត​បាន​ស្លាប់​ដោយ​ត្រូវ​របួសធ្ងន់​ពេក​មិនអាច​សង្គ្រោះបាន​។​
​ក្រុមមន្ត្រី​ពាក់ព័ន្ធ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា គេ​មិនទាន់​ធ្វើ​កោសល្យវិច័យ​រួច​នៅឡើយ​ទេ​ក្នុងការ​កំណត់ថា តើ​មាន​អ្នកទោស​ប៉ុន្មាន​នាក់​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​កងក​ម្លាំ​ង​ប៉ូលិស​រដ្ឋ និង​ប៉ូលិស​សហព័ន្ធ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​អំពើ​នេះ​។​
​សូមបញ្ជាក់ថា អំពើ​កុប​កម្មនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ដោយ​ក្រុម​អ្នកទោស​បាន​ចាប់​ឆ្មាំ​ពន្ធនាគារ​ជា​ចំណាប់ខ្មាំង ហើយ​បាន​វាយដំ និង​គំរាម​ទម្លាក់​ពួកគេ​តាម​ដំបូល​អគារ​ពន្ធនាគារ​។​
​គួរ​រំលឹក​ដែរ​ថា កាលពី​ខែមីនា​ឆ្នាំ​២០១៧ អ្នកទោស​ចំនួន​៤​នាក់​បាន​ស្លាប់ ហើយ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦ អ្នកទោស​ចំនួន​៤៩​នាក់​បាន​ស្លាប់​ដោយសារតែ​អំពើ​ស្រដៀង​គ្នា​នេះ​ផងដែរ​៕