លោក ត្រាំ គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ ភ្នាក់ងារ​សារព័ត៌មាន The Guardian បាន​រាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កំពុង ពិចារណា​ថា​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ដកទ័ព នៅ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ក្នុងអំឡុង​នៃ​ទស្សនកិច្ច​ទៅកាន់​ប្រទេស កូរ៉េខាងត្បូង​ក្នុងពេល​ខាងមុខ ខណៈ​មាន​របាយការណ៍​បង្ហាញ​ថា ប្រធានាធិបតី​រូបនេះ​អាច​នឹង​ប្រឈមមុខ​ជាមួយ​កូរ៉េខាងជើង​។​
​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap News បានឱ្យដឹងថា តំបន់​ដកទ័ព​ដែល​បែងចែក​ប្រទេស កូរ៉េ​ទាំងពីរ ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ ដល់​១៩៥៣ នឹង​ក្លាយជា​ទីតាំង​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ក្នុង​តំបន់​អាស៊ី​។ ក្នុងនោះដែរ​ប្រធានាធិបតី​មហាអំណាច​រូបនេះ​ក៏​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស ជប៉ុន ចិន វៀតណាម និង​ហ្វីលីពីន​ផងដែរ​។​
​ជាមួយគ្នានេះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើកដំបូង​ទៅកាន់​ឧបទ្វីប​កូរ៉េ ក្នុងនាម​ជា​ប្រធានាធិបតី​នេះ​ត្រូវបាន​គេ​រំពឹងថា គឺជា​ការបញ្ជូនសារ​ដ៏​មុតមាំ​មួយ​ទៅកាន់​ប្រទេស កូរ៉េខាងជើង​៕