ពាណិជ្ជកម្ម​ចិន​ជាមួយ​កូរ៉េខាងជើង​នៅក្នុង​ខែកញ្ញា​មានការ​ធ្លាក់ចុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2017

ប៉េកាំង ៖ អ្នកនាំពាក្យ​​អគ្គនាយកដ្ឋាន​គយ​រប​ស់​ប្រទេស​ចិន​បាន​និយាយថា ការនាំ​ចូល​ពី​ប្រទេស​កូរ៉េខាងជើង​មកកាន់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​រហូតដល់​ទៅ​៣៧.៩% នៅក្នុង​ខែកញ្ញា​បើ​ធៀប​ទៅនឹង​ឆ្នាំមុន ដែល​នេះ​បានបង្ហាញ​ពី​ការធ្លាក់ចុះ​ចំនួន​៧​ខែ​ជាប់​គ្នា​។​
អ្នកនាំពាក្យ​បាន​បន្ថែមថា ការនាំ​ចូល​នូវ​ធ្យូងថ្ម​, រ៉ែ​ដែក និង​សម្លៀកបំពាក់​ត្រូវបាន​ធ្លាក់ចុះ​ទាំងអស់​កាលពី​ខែកញ្ញា​។ រីឯ​ការនាំ​ចេញពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នៅក្នុង​ខែកញ្ញា​ក៏បាន​ធ្លាក់ចុះ​ចំនួន​៦.៧%​ផងដែរ ប្រសិនបើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​បើ​គិត​នៅក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ​, ការនាំ​ចូល​ពី​ប្រទេស​កូរ៉េខាងជើង​មកកាន់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ចំនួន​១៦.៧% ពោលគឺ​១.៤៨​ពាន់​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ប៉ុន្តែ​ការនាំចេញ​របស់​ប្រទេស​ចិន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នៅក្នុង​ឆ្នាំនេះ​មានការ​កើនឡើង​ចំនួន​២០.៩% ពោលគឺ​២.៥៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កំណើន​នេះ​បានធ្វើ​ឲ្យ​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ចំនួន​១.០៧​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​
​សូមជម្រាបថា ប្រទេស​ចិន​ក៏បាន​ចូលរួម​ក្នុងការ​បង្កើន​ការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​អង្គការសហប្រជាជាតិ​ទៅលើ​ប្រទេស​កូរ៉េខាងជើង​កាលពី​ខែកញ្ញា បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់គេ​ផងដែរ ៕