ពិព័រណ៍​ការងារ​នៅ​កោះ​ពេជ្រ នឹង​បង្ហាញផ្លូវ​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2017 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ គឺ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៧ និង​២៨​ខែតុលា ខាងមុខនេះ នៅ​អគារ​កោះ​ពេជ្រ ដើម្បី​ផ្តល់នូវ​ទីកន្លែង​ជួបជុំគ្នា​ដោយ​ងាយស្រួល​សម្រាប់​និយោជក អ្នកផ្តល់​ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត ក្នុងការ​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​។​
​លោក ហៃ ប៊ុន​ឡេង អនុប្រធាន​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី ពិព័រណ៍​ការងារ និង​ផលិតផល​ជាតិ​ឆ្នាំ​២០១៧ ដែល​បានធ្វើ​នៅ​ថ្ងៃទី​១៨​ខែតុលា​នេះ​ថា ពិ​ព័រ​ណ៌​ការងារ​ឆ្នាំនេះ មាន​ក្រុមហ៊ុន​ធំៗ​ជាង​១២០ មកពី​វិស័យ​សំខាន់ៗ ដូចជា ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ បដិសណ្ឋារកិច្ច ទូរគមនាគមន៍ អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម ដែល​នឹងត្រូវ​តាំង​បង្ហាញ​នៅក្នុង​បញ្ជរ​សរុប​ចំនួន​២១៦​។​
​លោក អនុប្រធាន បន្តថា ក្រៅពី​ទទួលបាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង អ្នកចូលរួម​នឹង​ទទួលបាន​ព័ត​មាន​ពី​ផែនការ តម្រូវការ និង​គោលនយោបាយ​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នាពេល​បច្ចុប្បន្ន និង​អនាគត កម្មវិធីសិក្សា​អាហារូបករណ៍ វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជាច្រើន​ទៀត​។ បន្ថែម​ពីលើ​នោះ​ព័ព​រណ៍កា​រងារ​នេះ នឹងចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​ផលិតភាព​របស់​កម្មក​រ​និយោជិត​តាមរយៈ​ការបង្ហាញ​អំពី​វិធីសាស្ត្រ​បំពេញ ការងារ គំនិត​ច្នៃប្រឌិត​ថ្មីៗ ជំនាញ​បច្ចេកវិទ្យា​និង​ឧបករណ៍​ដែល​ជំរុញ​ដល់​ការបង្កើន​ប្រសិទ្ធិភាព និង​ស័​ក្ត​សិទ្ធ​ភាព​ក្នុង​ការងារ ឬ​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​។ នាឱកាស​នោះដែរ ក៏មាន​វាគ្មិន​ជាតិ និង​អន្តរជាតិ​ល្បីៗ ចូលរួម​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ជំនាញ និង​ការអនុវត្ត​ល្អៗ លើ​ប្រធានបទ​ពាក់ព័ន្ធ​ការបង្កើន​ផលិតភាព ប្រក​ដោយ​ភាពជោគជ័យ​កន្លងមក និង​មាន​និរន្តរភាព​។​
​លោក នួន សុភៈ តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៧ គឺជា​ការជំរុញ​យន្តកា​រ វេទិកា​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​លើកកម្ពស់​វិស័យ​ការងារ និង​ព័ត​មាន​ទីផ្សារការងារ​នៅ​កម្ពុជា ជាពិសេស​សំដៅ​ផ្តល់ឱកាស​ទូលំទូលាយ​ដល់​កម្លាំង​ពលកម្ម​ទាំង​មាន​ជំនាញ និង​មិនមាន​ជំនាញ​ឲ្យ​ទទួលបាន​ការងារ​កាន់​តែ​ប្រសើរ ចំណេញ​ពេលវេលា កាត់បន្ថយ ចំណាយ និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​។
​លោក កាំ​ង មូ​នី​កា តំណាង​សមាគម​រោងចក្រ​កាត់ដេរ ហៅ​កាត់​ថា GMAC បាន​លើកឡើងថា តាមរយៈ​ព្រឹត្តិការ​ប្រចាំ​ឆ្នាំនេះ កម្មករ និយោជិត អ្នក​ស្វែ​រក​ការងារ​ធ្វើ ក៏ដូចជា​យុវជន​កម្ពុជា​ទាំងអស់ នឹង​បានដឹង​កាន់តែច្បាស់​ពី​ព័ត៌មាន​ទីផ្សារ​ងារ និង​ឱកាស​ការងារ​សមរម្យ ដែល​យើង​នឹង​យកទៅ​ផ្សព្វផ្សាយ​ក្នុង​ពិ​ព័រ​ណ៌​ការងារ​នោះ​។​
​សូមបញ្ជាក់ថា ពិ​ព័រ​ណ៌​ការងារ​ខាងមុខនេះ​ត្រូវបាន​រំពឹងថា​មាន​អ្នកចូលរួម​ទស្សនា​ជាង​៣​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត យុវជន អ្នកស្វែងរក​ការងារ និង​កម្មករ និយោជិត មកពី​គ្រប់​វិស័យ​៕