លោកស្រី គ្លី​ន​តុ​ន ៖ ការ​គំរាម​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​គឺជា​រឿង​គ្រោះថ្នាក់ និង​ការគិត​ខ្លី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017

​សេ​អ៊ូ​ល ៖ អតីត​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) បាន​និយាយថា ការ​គំរាម​ដើម្បី​ចាប់ផ្តើម​សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​គឺជា​រឿង​គ្រោះថ្នាក់ និង​ការគិត​ខ្លី ហើយ​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​អំពាវ​នាវ​ដល់​ភាគី​ទាំងអស់​ឲ្យ​ងាក​ទៅរក​តុ​ចរចា​។ ការលើកឡើង​របស់លោក​ស្រី​បែបនេះ​ធ្វើឡើង ខណៈដែល​លោកស្រី​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​
​លោកស្រី​បន្តថា សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​កំពុងតែ​បង្ហាញ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងទៅ​លើ​ភាពជឿជាក់​របស់​សហរ​ដ្ឋ​អាមេរិក​។ ចំណែកឯ​តួនាទី​របស់​ប្រទេស​ចិន​នៅក្នុង​ការទប់ស្កាត់​កូរ៉េខាងជើង​, លោកស្រី គ្លី​ន​តុ​ន បាន​និយាយថា ប្រទេស​ចិន​ត្រូវតែ​ធ្វើ​អ្វីដែល​គេ​អាច​ធ្វើបាន​ដើម្បី​រឹតបន្តឹង​ការដាក់​សម្ពាធ​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​កូរ៉េខាងជើង ហើយ​ស្របពេល​ជាមួយគ្នា​នោះ​គឺ​ធ្វើ​ឲ្យ​ការគំរាមកំហែង​ដែល​ប្រទេស​កូរ៉េខាងត្បូង​កំពុងតែ​ប្រឈមមុខ​មានការ​ធ្លាក់ចុះ ប៉ុន្តែ​ប្រទេស​ចិន​មិនអាច​ធ្វើបាន​ទាំង​២​ទេ​។​
​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ខ្លាំង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់គេ​ជា​ហូរហែ ហើយ​និង​ការកើនឡើង​នូវ​ចំណង់​ចំណូលចិត្ត​ធ្វើសង្គ្រាម​ទៅវិញទៅមក​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​៕