លោក ឌូ​តឺ​តេ ៖ ច្បាប់អាជ្ញាសឹក​នៅ​ខេត្ត​មីន​ដា​ណាវ នៅតែ​ស្ថិត​ជា​ធរមាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2017 ក+ ក-

​ម៉ានីល ៖ បើទោះជា​ទីក្រុង​ម៉ា​រ៉ាវី (Marawi) ត្រូវបាន​រំដោះ​ចេញពី​កណ្តាប់ដៃ​ក្រុម​បណ្តាញ​ភេរ​វករ​គាំទ្រ ISIS នៅ​ភាគខាងត្បូង​ប្រទេស​ក៏ដោយ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ នៅតែ​អះអាងថា ច្បាប់អាជ្ញាសឹក​នៅ​ខេត្ត​នោះ​នៅតែ​ស្ថិត​ជា​ធរមាន​ដដែល​ដើម្បី​រក្សា​សុវត្ថិភាព​របស់​ជន​ស៊ីវិល​នានា នៅក្នុង​ខេត្ត​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​លោក ឌូ​តឺ​តេ បាន​បញ្ជាក់ថា ច្បាប់អាជ្ញាសឹក នឹង​ស្ថិតនៅ​រហូតដល់​ក្រុម​ភេរវ​ករ​ទាំងអស់​នៅ​តំបន់​ភាគខាងត្បូង ត្រូវបាន​បោសសម្អាត​។ នៅពេលដែល​ខ្ញុំ​បានដាក់​ច្បាប់អាជ្ញាសឹក គ្រប់គ្នា​បាន​សួរថា តើ​ពេលណា​វា​នឹង​បញ្ចប់​? ខ្ញុំ​នឹង​ដកចេញ​នៅពេលណា​ដែល​ភេរ​វករ​ចុងក្រោយ​ត្រូវបាន​កម្ចាត់ ។
​សូមបញ្ជាក់ថា ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានប្រកាស​ជា​ឱ​ឡា​រឹក​នូវ​ការដណ្តើម​បានមក​វិញ​ទាំងស្រុង ចំពោះ​ទីក្រុង ម៉ា​រ៉ាវី (Marawi) ស្ថិតនៅក្នុង​ប្រជុំ​កោះ មីន​ដា​ណាវ ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ពី​កណ្តាប់​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ខណៈដែល​ការប្រកាស​អំពី​ជ័យជម្នះ​ដ៏​ធំ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រយៈពេល ១៤៨​ថ្ងៃ ដែល​សង្គ្រាម​ដ៏​ក្តៅគគុក​នៅ​ភាគខាងត្បូង​ហ្វីលីពីន​នេះ បានអូសបន្លាយ​ដែលជា​ហេតុ​បង្ក​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាត់​បង់ជីវិត​រួមមាន​ទាំង​យោធា ជន​ស៊ីវិល និង​ក្រុម​ឧទ្ទាម​គាំទ្រ ISIS ផងដែរ​៕