ពលរដ្ឋ​រងគ្រោះពីគ្រោះរញ្ជួយដីនៅម៉ិ​ក​ស៊ិ​ក​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់ជំនួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2017

​ម៉ិ​ក​ស៊ិ​ក ៖ ប្រជាពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ដែល​បានទទួល​រង​នូវ​ការខូចខាត​ទ្រព្យសម្បត្តិ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅក្នុង​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​ស៊ី​ធី (Mexico City) កាលពី​ខែ​មុន​នោះបាន​នាំគ្នា​ធ្វើការ​តវ៉ា​នៅតាម​ដងផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​សាងសង់​ផ្ទះ​របស់​ពួកគេ​ឡើងវិញ និង​ផ្តល់​តម្រូវការ​ផ្សេងៗ​ទៀត​។​
​ក្រុមបាតុករ​បាន​ដើរ​ជា​ក្បួន​ឆ្ពោះទៅកាន់​ទីតាំង​ដ៏​សំខាន់​មួយ​របស់​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​ស៊ី​ធី (Mexico City) ដោយបាន​ធ្វើការ​ទាមទា​រ​ឲ្យ​រដ្ឋាភិបាល​ជួយ​សាងសង់​ផ្ទះ​របស់​ពួកគេ​ឡើងវិញ​ដោយ​គ្មាន​អំពើពុករលួយ​, ផ្តល់​ការការពារ​សិទ្ធិ​ស៊ីវិល​យ៉ាង​តឹងរឹង និង​ជួយ​ផ្លាស់ប្តូរ​ទីតាំង​រស់នៅ​របស់​ពួកគេ​ទៅកាន់​តំបន់​ដែលមាន​សុវត្ថិភាព​។​
​សូម​រំលឹកថា រញ្ជួយ​ដី​កម្រិត​៧.១​រ៉ិ​ច​ទ័​រដែ​ល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា​បានសម្លាប់​មនុស្ស​សរុប​ចំនួន​៣៦៩​នាក់ និង​វាយប្រហារ​មកលើ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​ស៊ី​ធី (Mexico City) យ៉ាងធ្ងន់ធ្ងរ​ដោយ​អគារ​ចំនួន​៤០​កន្លែង​ត្រូវបាន​ដួលរលំ ហើយ​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​។​
​អាជ្ញាធរ​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយថា ទីក្រុង​ម៉ិ​ក​ស៊ី​កូ​ស៊ី​ធី (Mexico City) ត្រូវការ​លុយ​ប្រហែល​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ស្ថាបនា​ទីក្រុង​នេះ​ឡើងវិញ​៕