មេឃុំ​ប​ល្ល័​ង្គ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​តាម​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2017

​ខេត្តកំពង់ធំ ៖ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សមត្ថកិច្ច​បាននិងកំពុង​តាម​ចាប់ខ្លួន មេឃុំ​ប​ល្ល័​ង្គ​ម្នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​មេភូមិ​ត្រស់ ម្នាក់​រួចហើយ ពាក់ព័ន្ធ​ការឃុបឃិត​ស៊ី​ញ៉េ​យល់ព្រម​លក់​ផ្ទះ និង​ដី​មួយកន្លែង ដែល​តុលាការ​ហាមឃាត់ ស្ថិតនៅ​ភូមិ​តា​ឌុ​ក ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ។​
​ព្រះរាជអាជ្ញា​បញ្ជាក់ថា ពួកគេ​ទាំង​២​នាក់ ត្រូវ​ចោទប្រកាន់ ពីបទ​ផ្សំគំនិត​បង្វែរ​វត្ថុ​រឹបអូស ប្រព្រឹត្តទៅ​នៅ​ភូមិ​តា​ឌុ​ក ពោល​មេភូមិ​ត្រស់​រូបនេះ បាន​ទៅ​រត់ការ​លក់​ដី និង​ផ្ទះមួយ​កន្លែង ឲ្យ​ស្ដ្រី​ឈ្មោះ ជា ស៊ីវ​ណៃ ដែល​ដី និង​ផ្ទះ​នោះ​ត្រូវបាន​តុលាការ​ដាក់​ហាមឃាត់​លក់ និង​ផ្ទេរ​។​
​យ៉ាងណាក៏ដោយ តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេឃុំ​ប​ល្ល័​ង្គ ដែល​ជាប់​ពាក់ព័ន្ធ​បានគេច​ខ្លួន បន្ទាប់ពី​ដឹងខ្លួន​ថា ស៊ី​ញ៉េ​យល់​ព្រមទាំង​ខុសច្បាប់ ក្នុងករណីនេះ ។​
​គួរ​បញ្ជាក់ថា ប្រធានភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ លោក អ៊ុន ហេង អាយុ​៥៦​ឆ្នាំ និង​ស្ដ្រី​ម្នាក់​ឈ្មោះ ជា ស៊ីវ​ណៃ អាយុ​៤២​ឆ្នាំ ត្រូវបាន​តុលាការខេត្ត​កំពង់ធំ ចេញ​ដីកា​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ជាប​ណ្ណោះ​អាសន្ន ដោយសារតែ​ពួកគេ​ទាំង​២​នាក់ បាន​ឃុបឃិត​រត់ការ​លួច​លក់​ដី និង​ផ្ទះមួយ​កន្លែង ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់ មិន​ឲ្យ​មានការ​លក់ ឬ​ផ្ទេរ​នោះឡើយ ៕