រថយន្ត​សាំង​យ៉ុង​រត់គេច​ពី​សមត្ថកិច្ច​ជ្រុល​ទៅបុក​ផ្ទះ​ពលរដ្ឋ​ធ្លាយ​ចេញ​ឈើ​ប្រណីត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2015 ក+ ក-

ខេត្តក្រចេះ​៖ រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​មួយគ្រឿងបើកបរ​រត់គេច​ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច ក៏​ជ្រុល​ទៅបុក​បាក់​ផ្ទះបាយ​ពលរដ្ឋ បណ្តាលអោយ​ធ្លាយ​ចេញ​ឈើ​ប្រណីត​។​ហេតុ​ការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​នៅ​ភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​សាំ​យ៉ុង ពណ៌​ស​គ្មាន​ស្លាក​លេខ មួយគ្រឿង​នេះ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច ដែលជា​កន្លែង​ផ្លូវ​កោង​ខ្លាំង​ក៏​ជ្រុល​ចង្កូត​ទៅបុក​ផ្ទាំង​ប៉ាណូ​នៅ តាម​ចិញ្ចើមផ្លូវ​បាក់​ពីរ​ផ្ទាំង ហើយក៏​ជ្រុល​ទៅផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ផ្ទះបាយ​មួយ​កំណាត់​ត្រូវ​បាក់​ខូចខាត​ទាំងស្រុង​។ ចំណែក​រថយន្ត​បង្ក​ត្រូវបាន​ក្រឡាប់​ផ្ងារជើង​ឡើងលើ ខ្ទាត​ចេញ​សុទ្ធតែ​ឈើប្រណិត​ធ្នង់​សន្លឹក​ជាច្រើន​ផងដែរ​។​

ស្ត្រី​ដែលជា​ម្ចាស់ផ្ទះ​ឈ្មោះ ទូ ឡេ​ន បានបញ្ជាក់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​កំពុង​អង្គុយ​ធ្វើការ​នៅក្រោម​ផ្ទះ ស្រាប់តែ​រថយន្ត​នេះ បើក​លឿន​ដូច​ព្រួញ​សំដៅ​មក​បុក​ប៉ាណូ​ចំនួន​២​ផ្ទាំង​នៅ​ចំហៀង​ផ្លូវកែង ហើយក៏​ជ្រុល​មក​បុក​ចំ​ផ្ទះបាយ​របស់គាត់​លាន់​សូរ​ប្រាវ គាត់​ក្រឡេក​ទៅ​ឃើញ​ផ្ទះបាយ​គាត់​បាន​ដាច់ចេញ​ពីគ្នា​តែម្ដង ប៉ុន្តែ​សំណាងល្អ ដែល​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស ឬ​ស្លាប់បាត់​បង់ជីវិត​។​

​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែលមាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ធ្នង់​ដូចគ្នានេះ មក​ក្រឡាប់​ត្រង់​ផ្លូវ​កោង​ខាងជើង​ក្បែរ​ផ្ទះ​គាត់ តែ​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​បាក់បែក​ទ្រព្យសម្បត្តិ​ដូច​ពេលនេះ​ទេ​។​

លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​ឲ្យ​ដឹង​ដែរ​ថា ឈើ​ប្រណីត​ទាំងនោះ​គឺ​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ធ្នង់ មាន​ចំនួន ៣៩​កំណាត់ បើតាម​ការប៉ាន់ស្មាន​ប្រហែល​ជាជាង​២​ម៉ែត្រគូប ហើយ​បច្ចុប្បន្ននេះ​កំពុង​មានការ​ចម្រូងចម្រាស​គ្នា​ដោយសារ​ម្ចាស់​ដែល​រង​កា​ខូចខាត​មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច នាំយក​ឈើ​ឬ​រថយន្ត​បង្កចេញ​ទៅណា​ឡើយ ដោយ​គាត់​ព្រួយបារម្ភ​ខ្លាច​មិនមាន​អ្នកដោះស្រាយ​បញ្ហារ​ការខូចខាត​ទ្រព្យសម្បត្តិ​របស់គាត់​៕M12-03-15-e2

M12-03-15-e