Ronaldo ឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត ប្រចាំឆ្នាំ​២០១៧ របស់ FIFA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2017 ក+ ក-

​បាល់ទាត់ ៖ Cristiano Ronadlo បានឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៧ របស់ FIFA (The Best FIFA Football Awards 2017) ក្រោយ​ទទួល​សំឡេងគាំទ្រ​ឈ្នះ​ដាច់​គូប្រជែង Lionel Messi និង Neymar ដែល​ត្រូវបាន​បោះឆ្នោត​នា​រាត្រី​ថ្ងៃ​ចន្ទ​យប់មិញ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​BBC ។​
​នេះ​ជា​លើក​ទី​៥ ស្មើនឹង Messi សម្រាប់​កីឡាករ​វ័យ​៣២​ឆ្នាំ ដែល​កំពុង​លេង​ឲ្យ​ក្លឹប Real Madrid នៃ​ប្រទេស​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន និង​ជា​លើក​ទី​២ ជាប់​គ្នា​ផងដែរ បន្ទាប់ពី​ឈ្នះ​ឆ្នាំ​២០១៦​។ Ronaldo ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​បោះឆ្នោត​ជាប់ ក្រោម​ការគាំទ្រ​៤៣.១៦% ខណៈ Messi ទទួលបាន ១៩.២៥% និង Neymar ទទួលបាន ៦.៩៧%​។ ទន្ទឹមគ្នា​នោះ​គ្រូបង្វឹក Real Madrid លោក Zinedine Zidane ក៏​ត្រូវបាន​បោះឆ្នោត​ជាប់​គ្រូបង្វឹក​ដឹកនាំ​ល្អ​បំផុត ប្រចាំឆ្នាំ​២០១៧ ផងដែរ​។​
​សូមបញ្ជាក់ថា Ronaldo ជា​កីឡាករ​លេង​ល្អ​បំផុត​២​ឆ្នាំ​ជាប់​គ្នា (​ឆ្នាំ​២០១៦-២០១៧) ដែល​បាន​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន​៤​ក្នុង​មួយ​រដូវ​កាល​រួមមាន La Liga, UEFA Super Cup, Spanish Super Cup និង​ពាន​ធំ UEFA Champions League ជាមួយនឹង​ការជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ឡើងទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ​ផងដែរ​៕