ជំទប់​ទី​១ ឃុំ​ចំប៉ី ស្រុក​បាទី របស់ CNRP ប្រកាស​ចុះចូល​ជាមួយ CPP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក ចាន់ ច​យ ជំទប់​ទី​១ នៃ​ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ របស់​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​សុំចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ការប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក ចាន់ ច​យ បាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ស្វាគមន៍​គ្រប់​មេឃុំ ចៅសង្កាត់ ជំទប់ និង​សមា​ជិ​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​រក្សា​តំណែង​ជូន​ពួកគេ​ឲ្យ​នៅ​ដដែល​។​
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងជំនួប​ជាមួយ​តំណាង​កម្មករ និយោជិត កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ បានប្រកាស​ស្វាគមន៍ និង​អំពាវនាវ​ដល់​មេឃុំ ចៅសង្កាត់ ជំទប់ និង​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូលរួម​ជីវភាព​ន​យោ បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​រក្សា​តំណែង​របស់​ពួកគេ​ឲ្យ​នៅ​ដដែល​។​
​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​កំពុង​ស្នើ​ធ្វើ​វិសោធនកម្ម បើសិន​មិនមាន​ការចូលរួម​ជីវភាព​ទេនោះ មេឃុំ ចៅសង្កាត់ ជំទប់ ក៏ដូចជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រឈម​បាត់បង់​តំណែង ក្រោយពេល​គណបក្ស​នេះ​ត្រូវ​រំលាយ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។​
​សូមបញ្ជាក់ថា ក្រោយ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន មាន​ជំទប់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ហើយ​សម្រេច​ផ្លាស់​ជីវភាព​នយោបាយ​រួមមាន​៖ លោក ចាន់ ច​យ ជំទប់​ទី​១ នៃ​ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ និង​លោក ស្មាន ហ៊ីម សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ច្រាំង​ចំរេះ​ទី​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​៕