អ្នកនាំពាក្យ​ប្រតិកម្ម​ចំពោះ​ការព្រមាន​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ គឺ​លោក ថេត គ្រូ​ហ្ស ( Ted Cruz ) បានធ្វើការ​ព្រមាន​ថា នឹង​ពិចារណា​បិទ​ទិដ្ឋាការ VISA ចំពោះ​មន្ត្រី​កម្ពុជា​មួយចំនួន​ដែល​ពាក់ព័ន្ធ ប្រសិនបើ​មិន​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយះពេល​២០​ថ្ងៃ ( មុន​ថ្ងៃទី​៩​វិច្ឆិកា ) ខាងមុខនេះ ។​
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រតិកម្ម​ភ្លាមៗ ទៅនឹង​ការព្រមាន​របស់ Tel Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក ។ តាមរយះ Facebook លោក ផៃ ស៊ី​ផាន បាន​ហៅ​សំដី សមាជិក​ព្រឹទ្ធសភា​នោះ​ថា ជាការ​ប្រមាថ និង​ឈ្លានពាន​ដល់​កិច្ចការ​ផ្ទៃក្នុង នៃ​រដ្ឋ​អធិបតេយ្យ ដែល​មិន​ក្រោម​ចំណុះ​ក៏ដូចជា ការប្រឆាំង​យ៉ាងពិត​ប្រាកដ ដល់​គោលនយោបាយ​បរទេស របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​បញ្ឈប់​ការ​លូកលាន់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ពី​សំណាក់​សហរដ្ឋអាមេរិក​។​
​លោក ផៃ ស៊ី​ផាន បញ្ជាក់ថា វិសោធនកម្ម​ច្បាប់​ជា​សិទ្ធិផ្តាច់មុខ របស់​សភា​កម្ពុជា​ដែល​តំណាង ឲ្យ​អធិបតេយ្យ កម្ពុជា គឺ​ពុំមាន​ជន​ណា ឬ ក្រុម​ណា​ទោះបីជា​កម្ពុជា​ផ្ទាល់ ក៏ដូចជា​បរទេស​ដែល ចូល​ជ្រៀតជ្រែក​ការងារ​នេះ​បានឡើយ​។ នោះ​រាប់ទាំង​ច្បាប់ និង​នីតិវិធី គឺជា​ផលប្រយោជន៍ ផ្តាច់មុខ របស់​សមាជិកសភា នៅក្នុង​កិច្ចការងារ​នេះ​។​
​លោក​បន្តថា ចំពោះ​ការរំលាយ​គណបក្ស ក៏​ជា​ដែន​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការ​កម្ពុជា នៅក្នុង​ការវិនិច្ឆ័យ​ក្តី​របស់ខ្លួន ដែល​ឈរ​នៅលើ​អង្គសេចក្តី និង​អង្គច្បាប់​។ ការវិនិច្ឆ័យ​ក្តី​នេះ គឺ​ស្ថិតនៅ​ក្នុងនាម ក៏ដូចជា​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ខ្មែរ​សុទ្ធសាធ គឺ​មិន​ស្ថិត ឬ​រណប​ជន​ណា អង្គការ​ណា ឬ​បរទេស​ណាមួយ​ឡើយ ។ លោក​ថា រាល់​ចំណាត់ការ​ទាំងពីរ​ស្ថាប័ន ខាងលើនេះ គឺ​ស្ថិតនៅក្នុង​មូលដ្ឋានគ្រឹះ​នៃ​កិច្ច​រក្សា និង​បន្ត «​សន្តិភាព សន្តិសុខ និង​វិបុលភាព​» ដែលជា​ផលប្រយោជន៍​ផ្តាច់មុខ នៅក្នុង​ប្រទេស​របស់ ប្រជាពលរដ្ឋ​កម្ពុជា​សុទ្ធសាធ​។​
​លោក ផៃ ស៊ី​ផាន បាន​បន្ថែមថា ចំណែក​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​នឹង​ឆ្លុះបញ្ចាំង​ពីអ្វីៗ នៃ​ការអនុវត្ត​ច្បាប់បោះឆ្នោត​កម្ពុជា ដែល​ធានាបាន​នូវ​ភាពសេរី និង​ទទួលយកបាន គឺ​ប្រាសចាក​ពី​ការ លូកលាន់​របស់​បរទេស​ជិត ឆ្ងាយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ «​ប្រើប្រាស់ និង​ការពារ​សិទ្ធ​ស្វ័យ​សម្រេច​របស់ខ្លួន ។​
​អ្នកនាំពាក្យ​រូប​នោះបាន​បន្ថែមទៀតថា ចំពោះ​ឧសា​ន​វាទ ថ្ងៃទី​០៩ វិច្ឆិកា ក្នុងការ​ដោះលែង ជនជាប់ចោទ​ណាមួយ​ឲ្យ​រួចខ្លួន ដោយ​ឥត​លក្ខខណ្ឌ​នោះ គឺ​ពុំមាន​បានចែង​នៅក្នុង​ច្បាប់ កម្ពុជា​នោះទេ ហើយ​ថ្ងៃទី​០៩ វិច្ឆិកា​នេះ គឺ​ប្រាកដ​ណាស់ ថា​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ជាច្រើន​ជំនាន់ ក្នុង​កិច្ច​ដណ្តើមយក និង​កិច្ចការពារ ឯករាជ្យ ប្រជាជាតិ​របស់ខ្លួន​។​
​លោក​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មិន​ត្រឹមតែ​អបអរសាទរ នៃ​ទិវា​ប្រកាស​ឯករាជ្យ​នេះ​ទេ ប្រជាជាតិ​ទាំងមូល​របស់ខ្លួន​នៅតែ​ប្រកាន់យក ឯកភាព សាមគ្គី គោរព ដល់​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​របស់ខ្លួន រួមគ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត ជាមួយនឹង​កិច្ចពង្រឹង​បន្ថែមទៀត​នូវ​ឯករាជ្យភាព​នេះ​។ ហើយ​កម្ពុជា​តែងតែ​ទទួលបាន​លិខិត​ចូលរួម​អបអរសាទរ នៃ​ទិវា​ឯករាជ្យ​នេះ ពី​ប្រជាជាតិ​ជា​មិត្ត​នានា​ក្នុង​សកលលោក ជាពិសេស​ពី​សហរដ្ឋអាមេរិក​ផងដែរ​។ កម្ពុជា​មិនអាច​ឯករាជ្យ​របស់ខ្លួន​ជា​ថ្នូរ​ដូរ​ជាមួយ​ជន​ក្បត់​ឯករាជ្យ​ជាតិ​នេះ​បានទេ ទោះ​តម្លៃ​ណាក៏ដោយ​៕