រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧បានបើកកិច្ច ប្រជុំបន្ទាន់មួយក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើ ការជួសជុលមហាវិថីសហព័ន្ធរុស្សី និងកំណាត់ផ្លូវជាតិលេខ៤ ឲ្យល្អប្រសើរឡើងឡើងវិញ ខណៈកំណាត់ផ្លូវនេះ មានការខូចខាតមួយចំនួន និងបង្កឲ្យមានការកកស្ទះចរាចរ ។ មន្ត្រីក្រសួងសាធារណការក៏មានវត្តមានក្នុងកិច្ចប្រជុំនោះផងដែរ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ គឺក្នុងគោលបំណងដើម្បីបែងចែកការងារ ឲ្យដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុច ណា ដល់ចំណុចណា ដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែល ខាងអាជ្ញាធរ រាជធានីភ្នំពេញ ជាទទួលខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវ និងអូសបន្លាយពេលវេលា ធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះ គឺបានសម្រេចគ្នាថា ក្នុងចំណាយផ្លូវ សហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ ដែលគ្រោងនឹងធ្វើការ ជួសជុលឡើងវិញនេះ មានប្រវែង ប្រមាណ២០គីឡូម៉ែត្រ ដោយរាជធានីភ្នំពេញ ទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវ ដែលមានប្រវែងជាង១៩គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន៧៧០ម៉ែត្រ។
យ៉ាងណាក៏ដោយ លោកថា ការសម្រេចឲ្យមានការជួសជុលផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិ លេខ៤ឡើងវិញនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីរោងចក្រ កាលពីថ្ងៃ១៨ ខែតុលា កន្លងមកនេះ។ លោកបញ្ជាក់ថា ចំពោះចំណុចផ្លូវ ដែលត្រូវជួសជុសនោះ រួមមាននៅមុខតុលាការខ្មែរក្រហមផ្លូវជាតិលេខ៤ ចំណុចរង្វង់មូល ចោមចៅ ការដ្ឋានសាងសង់ស្ពានអាកាស ដីហុយការដ្ឋានក្រុមហ៊ុន ប៊ូ យ៉ុង សង្កាត់ទឹកថ្លា និងនៅមុខក្រសួងការងារ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា តាមពិតទៅគម្រោងជួសជុលផ្លូវខាងលើនេះ ត្រូវពឹងលើ ថវិកាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៨ ប៉ុន្តែទោះបីជា យ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខិតរកថវិកា ដើម្បីជួសជុលកំណាត់ផ្លូវនេះ ឲ្យបានដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕