រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទូច ស្រីលក្ខ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW បុកម៉ូតូ Dream C125 អូសប្រហែលម៉ូតូប្រហែល៣០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវវេងស្រេង ជិតកងរាជអាវុតហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា តារាចម្រៀងខាងលើបានបើករថយន្តម៉ាក BMW ពាក់ស្លាកលេខភ្នំពេញ 2AB-3288 បើកពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មានម៉ូតូ Dream C125 ឆ្នាំ២០១២ ពណ៌ពាក់ស្លាកលេខ កំពង់ធំ 1D-6904 បើកដោយបុរសម្នាក់ ពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា ហើយបុកគ្នាពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញទៅម្ខាង រងរបួសស្រាល។ ប្រភពបន្តថា ក្រោយកើតហេតុរថយន្តមិនបានឈប់ទេ ដោយព្យាយាមបើករត់អូសម៉ូតូបានប្រហែល៣០០ម៉ែត្រ ទើបប្រជាពរដ្ឋដេញពីក្រោយឃាត់បានទាំងរថយន្ត និងម្ចាស់តែម្ដង។
ក្រោយកើតហេតុភាគីទាំងពីរ បានសំរបសំរួលគ្នា ដោយភាគីខាងរថយន្តព្រមសងសំណងថ្លៃព្យាបាល ទៅលើជនរងគ្រោះទាំងអស់ និងម៉ូតូដែលខូចខាតផងដែរ ដើម្បីបញ្ចប់រឿង៕