ក្រុមប្រឹក្សាធម្មនុញ្ញ ៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបែងចែក​អាសនៈ​របស់​បក្ស​ន​យោ​បាត​ដែល​ត្រូវ​រំលាយ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ ច្បាប់​ទាំង​៤​ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​, សមាជិក​ព្រឹទ្ធសភា​, ក្រុមប្រឹក្សាឃុំ​-​សង្កាត់​, ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ដែល​ស្នើ​ធ្វើ​វិសោធនកម្ម​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​ពិភាក្សា​រួចរាល់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ​។
​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ភ្លាមៗ​នោះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់ថា ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទាំង​៤​នេះ គឹ​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​។ ក្រុមប្រឹក្សាធម្មនុញ្ញ​បានបញ្ជាក់​ទៀតថា សេចក្តីសម្រេច​របស់ខ្លួន​នេះ គឺជា​សេចក្តីសម្រេច​ជា​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អនុភាព​អនុវត្ត​ទៅលើ​អំណាច​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ​ក្នុង​រាជកិច្ច​ផងដែរ​។​
​អគ្គនាយកដ្ឋាន​រដ្ឋបាល​-​ហិរញ្ញកិច្ច​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉េង ផល្លា បាន​ឲ្យ​ដឹងថា ក្រោយ​ពិនិត្យ​សេចក្តីស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ត្រូវបាន​ប្រគល់​ជូនទៅ​រដ្ឋសភា​រួចរាល់​ហើយ ដើម្បី​រដ្ឋសភា​បន្ត​នីតិវិធី​សុំ​ការ​ឡាយ​ព្រះ​ហ​ស្ថ​ពី​ព្រះមហាក្សត្រ​ខ្មែរ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​។​
​សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ស្តីពី​ច្បាប់បោះឆ្នោត ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៤៩​រូបនោះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការបែងចែក​អាសនៈ របស់​គណបក្សនយោបាយ​ណាមួយ ដែល​ត្រូវបាន​រំលាយចោល ឬ​បោះបង់​អាសនៈ​ចោល​៕