សម្ព័ន្ធមិត្ត​ទាំង​៣​ធ្វើ​សមយុទ្ធ​យោធា​ស្ទាក់ចាប់​មី​ស៊ី​ល​ផ្លោង​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ជប៉ុន នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​ពីរ​ថ្ងៃ ដោយ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ចាប់​សញ្ញា និង​ស្ទាក់ចាប់ មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង នៅក្នុង​ករណី​មានការ​វាយប្រហារ​ជាយថាហេតុ​ណាមួយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Russian Today ។​
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​យោធា​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា​៖ «​សមយុទ្ធ​យោធា​ស្ទាក់ចាប់​មី​ស៊ី​ល​មាន​រយៈពេល​ពីរ​ថ្ងៃ បានចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​នេះ និង​នៅ​ថ្ងៃ​ពុធ​នេះ នៅឯ​ឈូង សមុទ្រ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​វា​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ចាប់​សញ្ញា​អាវុធ​នុយក្លេអ៊ែរ និង​ស្ទាក់ចាប់​មី​ស៊ី​ល​កូរ៉េខាងជើង ក្នុងករណី​មានការ​គំរាមកំហែង​ណាមួយ​»​។ តាមរយៈ​សមយុទ្ធ​យោធា​នេះ ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ទុះឡើង​ជាថ្មី ខណៈ​លោក​ដូ​ណា​ល់ ត្រាំ នឹង​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី នៅ​ខែវិច្ឆិកា ខាងមុខនេះ​។​
​សមយុទ្ធ​យោធា រវាង​សម្ព័ន្ធមិត្ត​ទាំងបី ធ្វើឡើង​ក្រោម​ការចូលរួម​ពី​នាវា​ពិឃាត​អាមេរិក USS Stethem, នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ជប៉ុន JDS Kirishima និង​នាវា​ពិឃាត កូរ៉េខាងត្បូង Sejong៕