ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់ នៅតាមស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម នៅតែកើតមានទ្បើងដូចផ្សិត មានទីតាំងខ្លះកើតនៅក្បែរៗ អធិការដ្ឋាននគរបាលស្រុកទៅទៀត ដូចជានៅក្នុងស្រុកចំការលើ និងស្រុកជើងព្រៃ ជាដើម។
ទោះបីរាជរដ្ឋាភិបាល បានដាក់កំហិត រឹតបន្តឹងអោយ មន្ត្រីមានសមត្ថកិច្ចជួយទប់ស្កាត់បង្រា្កប បទល្មើស ទាំងនោះក្តី ក៏អស់លោកមានសមត្ថកិច្ចមួយចំនួនបានធ្វើព្រងើយកន្តើយ និងបានប្រើប្រាស់សារាចរណែនាំ របស់ថ្នាក់ដឹកនាំខេត្ត ឬប្រមុខរាជរដ្ឋាភិបាល ធ្វើជាដាវអាជ្ញាសឹក ដើរប្រុមូលលុយពីបទល្មើសគ្រប់ជំពូក ដូចជាពីម្ចាស់សង្វៀនជល់មាន់ ឬល្បែងស៊ីសងនានាទៅវិញ។
ករណីជាក់ស្តែងមួយ ស្ថិតនៅទល់មុខអនុវិទ្យាលយ័ ស្គន់ ខាងក្រោយហាងសាំង តាសារឹម ចំងាយប្រហែល ៥00 ម៉ែត្រ មានសង្វៀនបញ្ជល់មាន់មួយកន្លែង បានបើកលេងយ៉ាងចំហយ៉ាងអនាធិបតេយ្យ និងសង្វៀនបញ្ជល់មាន់មួយកន្លែងទៀត ស្ថិតនៅចំណុចដីថ្មី ក្នុងភូមិដីថ្មី ឃុំ តាប្រ៉ុក ស្រុកចំការលើ ខេត្តកំពង់ចាម បានបើកលេងគគ្រឹកគគ្រេងដែរ ហាក់ក្លាយជាល្បែងប្រជាប្រិយ៏ទៅហើយ។
ប្រជាពលរដ្ឋដែលនៅជិតផ្លូវចូលទៅសង្វៀនទាំងនោះ បានប្រាប់ឱ្យដឹងថា ពលរដ្ឋក្នុងតំបន់នេះ គ្មានជំនឿទុកចិត្តលើសមត្ថកិច្ចទៀតទេ ព្រោះកន្លងមក គេឃើញមន្ត្រីនគរបាលស្រុក និងនគរបាលប៉ុស្តិ៍ ពេលចុះបង្រាបម្តងៗ មិនដែលឃើញចាប់បានអ្នកលេង ឬម្ចាស់សង្វៀននោះទ្បើយ សម្បីតែម៉ូតូ ឬរថយន្ត ដែលជាមធ្យោបាយ របស់អ្នកញៀនល្បែងជិះមកលេង ក៏មិនដែលចាប់បានដែរ។ ប្រភពដដែល បន្តថា នៅក្នុងជួរសមត្ថកិច្ច មានរនុកក្នុងរបស់មេសង្វៀន ដូច្នេះ អ្នកលេងទាំងអស់ត្រូវបានមន្ត្រីខិលខូចលួចបោះដៃឱ្យរត់គេចខ្លួនអស់តាំងពីមុនពេលសមត្ថកិច្ចទៅដល់ម្ល៉េះ។ ចំណែកសមត្ថកិច្ចបានត្រឹមតែរុះដំបូលរោងប្រកតង់កៅស៊ូ និងកៅអីជរ័ ៥ ទៅ១០ កៅអី មកដុតចោល បង្ហាញថ្នាក់លើ និងបំភ័នភ្នែកប្រជាពលរដ្ឋប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានទទូចស្នើឱ្យលោក ឯម កុសល ស្នងការនគរបាលខេត្ត និងលោក ក្រួច ចំរើន អភិបាលខេត្តកំពង់ចាម មេត្តាត្រួតពិនិត្យមន្ត្រីថ្នាក់ក្រោម និងមានវិធានការលើករណីដូចបានរៀបរាប់ខាងលើផង ព្រោះបទល្មើសជាច្រើន រួមទាំងអំពើហិង្សាក្នុងគ្រួសារផង បានកើតចេញពីអ្នកចាញ់ល្បែងនេះឯង៕