ពលរដ្ឋ​ថៃ​ជាច្រើន​ចូលរួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះមហាក្សត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2017 ក+ ក-

​បាងកក ៖ ​ប្រទេស​ថៃ​បានចាប់ផ្ដើម​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះមហាក្សត្រ ភូមិបុល​អាឌុលយ៉ាដេត រយៈពេល​៥​ថ្ងៃ ហើយ​ថ្ងៃនេះ​គឺ​ថ្ងៃ​ដែល​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​សព​ហើយ​។​
​ព្រះមហាក្សត្រ ភូមិបុល បាន​សោយ​ទិវង្គត​កាលពី​ឆ្នាំមុន​ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា ហើយ​ព្រះ​សព​ព្រះអង្គ​នឹងត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ទីវាល​ព្រះមេរុ​នៅខាងមុខ​ព្រះរាជវាំង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ហើយ​គេ​រំពឹងថា ព្រះរាជ​ពិធី​នេះ​នឹងមាន​អ្នកចូលរួម​ប្រហែល​២៥​ម៉ឺន​នាក់​។​
​នៅថ្ងៃនេះ​ព្រះ​សព​ព្រះមហាក្សត្រ​នឹងត្រូវ​រំកិល​ចេញពី​ព្រះបរមរាជវាំង​ដង្ហែ​ទៅកាន់​ព្រះមេរុ​តម្កល់​ព្រះ​សព​នៅ​ទីលាន​សាធារណៈ​មួយ​នៅខាងមុខ​ព្រះរាជវាំង​ជាទី​ដែលមាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បាននាំគ្នា​បោះតង់​ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះ​។​
​សូម​រំលឹកថា អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​គ្រងរាជ្យ​អស់​រយៈពេល​៧០​វស្សា ហើយ​ព្រះអង្គ​បាន​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​៨៨​វស្សា​កាលពី​ឆ្នាំ​២០១៦ ហើយ​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម ម៉ា​ហា វ៉ា​ជី​រ៉ា​លុង​កន បាន​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ​៕