ភ្នំពេញ ៖ លោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងឆ្មក់ចុះទៅចាប់ត្រួតពិនិត្យរថយន្តដឹកដី ២៩គ្រឿង ពេលកំពុងធ្វើចរាចរណ៍ដឹកដីនៅលើដងផ្លូវសាធារណៈ ក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ប្រតិបត្តិការត្រួតពិនិត្យទម្ងន់រថយន្តទាំងនេះ បានរកឃើញថា រថយន្តដឹកដី ចំនួន ២៩គ្រឿង ដឹកលើសទម្ងន់ចន្លោះពី ៥តោន រហូតដល់ទៅ ៣៣តោន។
បន្ទាប់ពីថ្លឹងរកឃើញថា ដឹកលើសទម្ងន់កំណត់ហើយនោះ រថយន្តទាំងអស់ ត្រូវបានឃាត់ទុករង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយទៅតាមនីតិវិធី ជាពិសេសត្រូវបង់ការផាកពិន័យទៅតាមច្បាប់ដឹកជញ្ជូន ដែលមានជាធរមាន។
លោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រថយន្តដឹកលើសទម្ងន់ទាំង ២៩គ្រឿង ត្រូវរងការផាកពិន័យសរុប ២០០លានរៀល ៕