បំផ្ទុះ​គ្រាប់បែក​នៅ​រដ្ឋធានី Mogadishu នៃ​ប្រទេស​សូ​ម៉ាលី​សម្លាប់​មនុស្ស​២៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2017 ក+ ក-

សូ​ម៉ាលី ៖ អាជ្ញាធរ​សូ​ម៉ាលី​បានឱ្យដឹងថា មនុស្ស​យ៉ាងហោចណាស់​ចំនួន​២៥​នាក់​បាន​ស្លាប់​នៅ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ពីរ នៅក្នុង​រដ្ឋធានី Mogadishu ពោលគឺ​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី មនុស្ស​៣៥៨​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ដ៏​អាក្រក់​បំផុត នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​យោងតាម​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​ថ្លែងថា ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​នាក់​បាន​ដឹកនាំ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​បង្កៃ​ក្នុង​រថយន្ដ កាលពី​ថ្ងៃ​សៅរ៍ សំដៅ​ទៅលើ​សណ្ឋាគារ​មួយកន្លែង ខណៈ​គ្រាប់បែក ទី​ពីរ​ត្រូវគេ​បំផ្ទុះ នៅក្បែរ​អតីត​វិមាន​សភា​នៅ​ជិត​នោះ ដោយបាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​២៥​នាក់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។
​ភ្លាមៗ​នោះដែរ​ក្រុម​ឧទ្ទាម al-Shabab មាន​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា បានចេញ​អះអាងថា ខ្លួន​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ទាំងពីរ​លើក​នេះ ហើយ​ថា​ខ្លួន​ជ្រើសរើស​គោលដៅ​នៃ​ការវាយប្រហារ​នេះ ពីព្រោះ​វាទី​ប្រជុំជន​សម្បូរ​មន្ត្រី​សន្តិសុខ និង​អ្នកនយោបាយ​៕