អតីត​មេដឹកនាំ​តំបន់ Catalonia អាច​នឹង​ជាប់ពន្ធនាគារ​៣០​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2017 ក+ ក-

​ម៉ា​ឌ្រី​ត ៖ សារព័ត៌មាន​រុស្ស៊ី Sputnik ចេញផ្សាយ​ថា អគ្គ​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ធ្វើការ​ចោទប្រកាន់​ចំពោះ​ករណី​បង្ក​ការបះបោរ​ទៅលើ​អតីត​មេដឹកនាំ​កាតា​ឡាន លោក ខា​ឡែ​ស ភី​ក​ដឺ​ម៉ុ​ន (Carles Puigdemont) ដែល​ត្រូវ​រដ្ឋអំណាច​អេ​ស្ប៉ា​ញ​ទម្លាក់​ពី​តំណែង បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការចេញ​សេចក្តីប្រកាស​ឯករាជ្យ ដោយ​ឯកតោភាគី​របស់ សភា​នៃ​តំបន់​ស្វយ័ត​កាតា​ឡាន (Catalonia) កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។
​បើតាម​ច្បាប់​របស់​ប្រទេស​អេ​ស្ប៉ា​ញ ការបះបោរ​គឺជា​បទឧក្រិដ្ឋ​មួយ ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ រយៈពេល​រហូតដល់​ទៅ ៣០​ឆ្នាំ ហើយ​ពាក្យបណ្តឹង​ចោទប្រកាន់​ពីបទ​ល្មើស​នេះ នឹងត្រូវ​ធ្វើឡើង​ប្រឆាំងនឹង​លោក Puigemont នា​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ពេលវេលា​ក្នុង​តំបន់​) បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ត បានសម្រេច​ប្រើ​អំណាច គ្រប់គ្រង​ដោយផ្ទាល់​ទៅលើ​តំបន់​កាតា​ឡាន​។​
​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក ម៉ា​រី​យ៉ា​ណូ រ៉ា​ហ្ស​យ (Mariano Rajoy) បានប្រកាស​ដក​មុខតំណែង លោក Carles Puigdemont និង​រដ្ឋាភិបាល​តំបន់​កាតា​ឡាន កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ ហើយ​បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី សម្រាប់​តំបន់​ស្វយ័ត​នេះ នា​ថ្ងៃទី​២១ ខែធ្នូ​ខាងមុខ​។ ជុំវិញ​រឿងនេះ លោក Puigdemont បាន​អះអាង​មិន​ទទួលស្គាល់ ការចេញ​បញ្ជា​ឲ្យ​ដកហូត​សិទ្ធិអំណាច​របស់លោក​នេះឡើយ ហើយ​រូបលោក ក៏​ថែមទាំង​បាន​ប្រកូក​ប្រកាស ឲ្យ​មាន​ការតស៊ូ​ប្រឆាំង​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ តបត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ផងដែរ​៕