ប្រធាន​ខុទ្ទកាល័យ​លោក កឹម សុខា បដិសេធ​ចំពោះ​លិខិត​ចំហ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ប្រធាន​ខុទ្ទកាល័យ​លោក កឹម សុខា គឺ​លោក មុត ចន្ថា បានធ្វើ​ការបដិសេធ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក ដោយបាន​ច្រានចោល​លិខិត​ចំហ​ជូន​សមាជិក សមាជិកា​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​លោក កឹម សុខា ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅនេះ ។​
​យោងតាម​លិខិត​ចំហរ​មួយច្បាប់​ដែលមាន​ចុះហត្ថលេខា​ដោយ​លោក កឹម សុខា អមដោយ ចំណារ​គ្រី​ស​របស់លោក អ៊េ​ង ឆៃអ៊ាង ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ ដែល​ផ្ញើរ​ជូនទៅ​សមាជិក សមាជិកា​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បានសរសេរថា នាពេល​ថ្មីៗ​នេះ មាន​ចរន្ត​បំបែក សម្លេង​អ្នកប្រជាធិបតេយ្យ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទង្វើ​នេះ​ត្រូវបាន​បង្ហាញ​ច្បាស់​តាម រយះ​វីដេអូ​ក្លី​ប​របស់លោក សម រង្ស៊ី ដែល​អំពាវនាវ​មិន​ឲ្យ​ទទួលស្គាល់​នូវ​រាល់​សេចក្តីសម្រេច របស់ខ្ញុំ​ក្នុងនាម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស៊ីសង្វាក់​គ្នា​នឹង​លិខិត​លាលែង​ពី​មន្ត្រី​ស្និទ្ធ នឹង​លោក សម រង្ស៊ី ពី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​នាពេលខាងមុខ​។​
​ខ្ញុំ​សូម​ប្រកាស​ជា​ឱ​ឡា​រឹក​ថា ខ្ញុំ កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រប ច្បាប់​ហេតុនេះ ខ្ញុំ​មាន​សិទ្ធិ​សម្រេច​ក្នុងនាម​ប្រធាន​គណបក្ស​នូវ​រាល់​កិច្ចការ​របស់​គណបក្ស សង្គ្រោះ​ជាតិ និង​សូម​អំពាវនាវ​លោក សម រង្ស៊ី បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ញុះញង់​បំបែក បំបាក់​សម្លេង​អ្នកប្រជាធិបតេយ្យ​តទៅទៀត ។​
​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​ខ្ញុំ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​បន្ត​ជំហរ​រឹងមាំ​ជាមួយ​បងប្អូន​អ្នកប្រជាធិបតេយ្យ​ក្នុង​គោលបំណង​របស់​យើង​គឺ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​នាពេលខាងមុខ ។​
​លោក មុត ចន្ថា ក្នុងនាម​ជានា​យក​ខុទ្ទកាល័យ​របស់លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បានធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​លិខិត​នេះ ។ លោក​ថា នេះ​ជា​លិខិត​ក្លែងក្លាយ​យ៉ាងពិត​ប្រាកដ ព្រោះ លោក កឹម សុខា ពុំដែល​បានចេញ​លិខិត​បែបនេះ​ឡើយ​។ ច្បាស់​ជាងនេះទៀត លិខិត​នេះ​បាន​បន្លំ​ហត្ថលេខា​ខ្លី ឬ​គ្រី​ហ្វ​របស់ ឯកឧត្តម អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​គាត់​ពេលនេះ​ពុំមាន​វត្តមាន​នៅក្នុង ប្រទេស​ឡើយ ៕