តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ពីបទ​ក្បត់ជាតិ​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ការបើក​សវនាការ​សួរដេញដោល​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល បានសម្រេច​តម្កល់​សាលដីកា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល ពោលគឺ​បន្ត​ឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពន្ធនាគារ ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។
​សវនាការ​ព្រឹក​មិញ​នេះ​គេ​ក៏​សង្កេតឃើញ​មាន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ មួយចំនួន​ផងដែរ តែ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ឡើយ ដោយមាន​ការ​យាមកាម​យ៉ាង​តឹងរឹង​ពី​កងកម្លាំង​សមត្ថកិច្ច​។​
​កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ លោក កឹម សុខា ត្រូវបាន​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំ​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ «​ក្បត់ជាតិ​» ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ សេចក្តីថ្លែងការណ៍​រប​ស់អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​៕