វាយប្រហារ​ភេរវកម្ម​នៅ​បុរី​ញូវយ៉ក​សហរដ្ឋអាមេរិក សម្លាប់​មនុស្ស​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2017 ក+ ក-

ញូវយ៉ក ៖ អាជ្ញាធរ​អាមេរិក​និយាយថា មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់ និង​មួយចំនួនទៀត​រងរបួស​នៅ​ហេតុការណ៍​រថយន្ត​មួយគ្រឿង​បើកចូលទៅ​ខាង​ផ្លូវ​សម្រាប់​អ្នកជិះ​កង់​នៅក្នុង​បុរី​ញូវយ៉ក​សហរដ្ឋអាមេរិក​កាលពី​រសៀល​ថ្ងៃ​អង្គារ ខណៈដែល​ប៉ូលិស​បានចាត់ទុក​គ្រោះថ្នាក់​នេះ​ថា ជាការ​វាយប្រហារ​ភេរវកម្ម​។​
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានបញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត​ថា អ្នកបើកបរ​ដែលមាន​អាយុ​២៩​ឆ្នាំនេះ​ត្រូវបាន​ប៉ូលិស​បាញ់​ត្រូវ​ពោះ និង​បញ្ជូនទៅ​ឃុំខ្លួន​ក្រោយពី​បុរស​រូបនេះ​បាន​បើករថយន្ត​បំ​បុក​រថយន្តក្រុង​របស់​សាលារៀន​មួយគ្រឿង​និង​បាន​រត់គេច​ពី​រថយន្ត​របស់ខ្លួន​។​
​មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​សហរដ្ឋ​សហរដ្ឋអាមេរិក​បាន​ហៅ​គ្រោះថ្នាក់​នេះ​ថា ជា​អំពើ​ភេរវកម្ម​យ៉ាងពិត​ប្រាកដ ហើយ​ការវាយប្រហារ​នេះ​បានធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​តំបន់​អឺរ៉ុប​កាលពី​ឆ្នាំមុន​។​
​លោក អាន​ឌ្រូ គ្យូ​ម៉ូ (Andrew Cuomo) អភិបាលក្រុង​ញូវយ៉ក​បាន​និយាយថា ជនសង្ស័យ​ទំនងជា​ធ្វើអំពើ​នេះ​តែម្នាក់ឯង ហើយ​ថា អាមេរិក​នឹងមិន​ខ្លាចញញើត​ចំពោះ​ការវាយប្រហារ​បែបនេះ​ទេ​។​
​មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា ជនសង្ស័យ​បាន​បើករថយន្ត​ចូលទៅ​ផ្លូវ​សម្រាប់​អ្នកជិះ​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ម៉ាន់​ហា​តាន់​ក្រោម​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ម្សិលមិញ ហើយ​ថា បុរស​នេះ​បាន​កាន់​កាំភ្លើង​បាញ់​សត្វ​ផងដែរ​។​
​ហើយ​នៅពេល​ជនសង្ស័យ​បាន​បើករថយន្ត​បំ​បុក​រថយន្ត​របស់​សាលារៀន វា​បានធ្វើ​ឲ្យ​ក្មេង​ចំនួន​២​នាក់​និង​យុវជន​២​នាក់​ទៀត​រងរបួស​។​
​មន្ត្រីប៉ូលិស​បាន​និយាយថា ជនសង្ស័យ​បាន​ជួល​រថយន្ត​គេ​ជិះ ប៉ុន្តែ​មិនបាន​ដឹងថា បាន​ជួល​ពេលណា​នោះទេ ហើយ​ជនសង្ស័យ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ស្ថិតនៅ​តំបន់​អាស៊ី​កណ្ដាល ហើយ​បុរស​នេះ​បាន​ចូលទៅ​ដល់​ទឹកដី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១០​។​
​ក្នុងចំណោម​អ្នកស្លាប់​ទាំង​៨​នាក់​គឺ​ចំនួន​៦​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ចំនួន​២​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ហើយ​ការវាយប្រហារ​នេះ​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​១១​នាក់​ទៀត​រងរបួស​ផងដែរ​៕