សម្ដេច ហ៊ុន សែន ប្រកាស​ទិញ​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​នៅ​ខេត្តកោះកុង ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2017 ក+ ក-

រាជធានីភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ផ្ដល់ជូន​ជនរួមជាតិ​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺ​រាជរដ្ឋាភិបាល​បានប្រកាស​ទិញ ស្ពាន​ឆ្លងកាត់​ដៃ សមុទ្រ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ នៅ​ខេត្តកោះកុង ពី​ក្រុមហ៊ុន លី យ៉ុង​ផាត់ មក​គ្រប់គ្រង​វិញ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ប្រាក់​ទៀតឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នៅលើ​ទំព័រ Facebook របស់​សម្ដេច​នា​ប៉ុន្មាន​នាទី​មុននេះ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ការធ្វើដំណើរ​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់ នឹង​ធ្វើឡើង​នៅវេលា ម៉ោង​០០៖០០​នាទី​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​និយាយ​ជារួម និង​និយាយ​ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បានសម្រេច​ទិញយក​ត្រឡប់មកវិញ ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកោះកុង ទៅ​ប្រទេស​ថៃ​ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន លី យ៉ុង​ផាត់ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អុំ​បុក​។​
​ចំពោះ​កិច្ច​ការដែល​នៅ​សេសសល់ សូម​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេ​ដ្ធ​កិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​ខេត្តកោះកុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដោះស្រាយ​នៅពេល​ក្រោយ​។​
​ខ្ញុំព្រះករុណា ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​ការសម្រេច​នេះ​៕