ខ្មាន់កាំភ្លើង​បាញ់ប្រហារ​នៅ​ព្រះវិហារ​គ្រឹ​ស្ត​នៅ​រដ្ឋ​តិច​សាស់​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2017 ក+ ក-

អាមេរិក ៖ ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​នៅ​ព្រះវិហារ​គ្រឹ​ស្ត​មួយកន្លែង (Sutherland Springs) នៅ​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​ត្រូវបាន​បាញ់សម្លាប់ ក្រោយពី​ប៉ូលិស​បាន​ដេញតាម​នៅពេល​ជនល្មើស​បាន​រត់​ចូលទៅក្នុង​ស្រុក​មួយ​នៅជាប់​នឹង​តំបន់​កើតហេតុ​នេះ​។​
មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ CNN ថា មនុស្ស​យ៉ាងតិច​២៦​នាក់​ត្រូវបាន​សម្លាប់ ហើយ​ជាង​២០​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ​។ ប៉ូលិស​បាន​បញ្ជាក់ថា ស៊ូ​ឌឺ​ឡេ​ន​ស្ព្រី​ង​គឺជា​សហគមន៍​មួយ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ប្រហែល​៤០០​នាក់ ហើយ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៤៨​គីឡូម៉ែត្រ​នៅ​ភាគ​អាគ្នេយ៍​នៅ​ទីក្រុង​សាន​អង់​តូ​នី​ញ៉ូ (San Antonio) រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​ជនល្មើស​បាន​ស្លាប់​ដោយសារ​ប៉ូលិស​បាញ់ប្រហារ ឬក៏​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​នោះទេ​។​
​មន្ត្រីប៉ូលិស​បាន​និយាយថា បុរស​ម្នា​ក់បាន​ដើរចូល​ទៅក្នុង​ព្រះវិហារ​មួយកន្លែង​នៅ​តំបន់​ស៊ូ​ឌឺ​ឡេ​ន​ស្ព្រី​ង ទោះបីយ៉ាងណា​រហូតមក​ដល់ពេលនេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ ខណៈ​មន្ត្រី​ពាក់ព័ន្ធ​កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​៕