សៀមរាប ៖ តាមការគ្រោងទុក ខេត្តសៀមរាប នឹងមានព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុកសូទ្រ និគម ដែលនឹងចាប់ផ្តើមសាងសង់ជាផ្លូវការ នៅដើមឆ្នាំ២០១៨ ខាងមុខនេះ ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងឲ្យ ដឹងកាលពីព្រឹកថ្ងៃទី៧ វិច្ឆិកានេះ ថា បច្ចុប្បន្នក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ កំពុងដុតដៃដុតជើងសាងសង់ផ្ទះស្នាក់នៅសម្រាប់វិស្វករ ស្ថាបត្យករ និងកម្មករ នៅក្បែរព្រលានយន្តហោះនេះ មុនពេលចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅពេលខាងមុខ។ លោកបន្តថា បច្ចុប្បន្នគ្រឿងចក្រនានាបានយកទៅរៀបចំរួចរាល់ហើយ ដើម្បីចាប់ផ្តើមសាងសង់ព្រលានយន្តហោះថ្មី និងដ៏ទំនើបមួយនេះ។
សូមជម្រាបថា ក្រុមហ៊ុន YUNAN Development Group ដែលទទួលបានសិទ្ធិធ្វើវិនិយោគលើព្រលានយន្ត ហោះនេះ គ្រោងបោះទុនប្រមាណ៩០០លានដុល្លារ អាមេរិក ដើម្បីសាងសង់ ព្រលានយន្តហោះដ៏ទំនើបនេះជា៣ដំណាក់កាល និងប្រើប្រាស់រយៈពេល៣ឆ្នាំ។
លោក សិរីវុត្ថា បានបន្តទៀតថា ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនេះ នឹងសាងសង់ជាពីរដំណាក់កាល គឺដំណាក់កាលទី១គ្រោងចំណាយថវិកា៥០០លានដុល្លារ ដែលអាចបម្រើដល់ ការ ចុះចតយន្តហោះខ្នាតមធ្យម សម្រាប់យន្តហោះខ្នាត4E និងដំណាក់កាលទី២ទើបអាចចុះចតយន្តហោះខ្នាតយក្សបាន ហើយដំណាក់កាលចុងក្រោយនេះ គ្រោងចំណាយថវិកាជាង៣០០លានដុល្លារបន្ថែមទៀត។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះ អាចចំណាយពេលពី៣ទៅ៥ឆ្នាំ ដើម្បីបញ្ចប់ទាំងដំណាក់កាលទី១និងដំណាក់កាលទី២៕