ក្រសួងកសិកម្ម និរាករណ៍​លិខិត​នាំចូល​ជី​កសិកម្ម​ដែលមាន​កន្ទុយបារី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2015 ក+ ក-

ភ្នំពេញ ះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១០ មីនា បានចេញ​លិខិតនិរាករណ៍​លើ​លិខិតអនុញ្ញាត​នាំចូល នាំចេញ​ជី​កសិកម្ម ដែល​បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ បន្ទាប់ពី​បាន​រកឃើញ​មាន​កន្ទុយបារី​ក្នុង​ទំនិញ​ដែល​បាន​នាំចូល​នោះ​។ គេ​សង្ស័យថា មាន​សារ​ធាតុគីមី​ពុល​នៅក្នុង​ជី​នោះ​។​

​ក្រសួងកសិកម្ម បាន​និរាករណ៍​លើ​ការអនុញ្ញាតិ​ឱ្យមាន​ការនាំចេញ​-​ចូល​របស់​ក្រុមហ៊ុន ក្នុងស្រុក​មួយ​បន្ទាប់ពី​បាន​រកឃើញថា​ជី​កសិកម្ម​ដែល​ក្រុមហ៊ុន​បាន​នាំចូល គឺមាន​កន្ទុយបារី​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​។

បើតាម​ក្រសួង​ដដែល មន្ទី​កសិកម្ម​រាជធានី​ខេត្ត ត្រូវ​ប្រមូល​ទំនិញ​ដែលមាន​កន្ទុយបារី​ទាំងអស់​ដែល​ក្រុមហ៊ុន​ប៉ែន​លឹម ត្រេ​ឌី​ង​គ្រុប បាន​នាំចូល​យកមក​គ្រប់គ្រង​និង​ចាត់វិធានការ​តាម​និតិ​វិធី​។​

​លោក អៀង សុផល្លែត អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅកាន់​កន្លែង​ដែលមាន​ស្តុក​រួចរាល់​ហើយ ដើម្បី​ពិនិត្យ​និង​សិក្សា​ស្រាវជ្រាវ​។ បើតាម​ការបញ្ជាក់​ពី​ក្រសួងកសិកម្ម ជី​កសិកម្ម​ដែលមាន​លាយ​ជាមួយ​កន្ទុយបារី​នោះ គឺមាន​ប្រមាណ​៣០​តោន​។ ទំនិញ​ដែលមាន​កន្ទុយបារី​នេះ ត្រូវបាន​ចែកចាយ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន ដូចជា ខេត្តសៀមរាប ត្បូងឃ្មុំ និង ឧ​ត្ត​រ​មានជ័យ​។​

​បើតាម​អ្ន​នាំពាក្យ​ដដែល បើ​ករណី​មានការ​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​ផ្សេង​នោះ​ត្រូវ​រាយការណ៍​មកកាន់ ក្រសួង​ជាបន្ទាន់​។ បើតាម​ព័ត៌មាន​ក្នុងស្រុក​វិញ សារធាតុ​ទាំងអស់​មាន​ប្រមាណ​៦០​តោន ដែល​ត្រូវបាន​យកទៅ​ស្តុក​ទុកចោល ក្នុង​ខេត្តសៀមរាប ១០​តោន ខេត្ត ត្បូង​ឃុំ ៣០​តោន និង ឧ​ត្ត​រ​មានជ័យ​២០​តោន​។ ហើយ​ជីធម្មជាតិ​ដែលមាន​សុទ្ធតែ​កន្ទុយបារី​នេះ គឺ​ត្រូវបាន​គេ​យកមក​ស្តុក​ទុកចោល​ប្រមាណ​៣​ខែ​មកហើយ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​១៩៩៨ មានការ​អនុញ្ញាតិ​នាំចូល​សារធាតុពុល​គីមី​ម្តង​ហើយ យកមក​ចាក់ចោល​នៅ​ក្រុងព្រះសីហនុ ដោយឡែក​ការ​នាំចូល​កន្ទុយបារី​លើក​នេះ ក៏ត្រូវ​បាន​គេ​សង្ស័យថា​មាន​សារធាតុពុល​ផងដែរ​។ ប៉ុន្តែ​នៅ​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ បើតាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម ក្រសួង​នឹង​ពិសោធន៍​មើល​លើ​សារធាតុ​ដែល​បាន​នាំចូល​ទាំងនោះ ថា​តើ​មាន​សារធាតុ​ប៉ះពាល់​អ្វីខ្លះ ? ៕rfi