លោក ប៉ាវ ស៊ីណា មិនត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​ចូល​បំភ្លឺ​ករណី​ប៉ះទង្គិច​នៅផ្លូវ​វ៉េងស្រេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១២​កញ្ញា​នេះ លោក​ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាក់ទង​ការដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម បាតុកម្ម ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០ ដុល្លារ នៅ​ផ្លូវ​វ៉េងស្រេង​ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​កាលពី​ចុងឆ្នាំ​២០១៣ រហូតដល់​ដើមឆ្នាំ​២០១៤ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​ស្លាប់ និង​របួស​រួមទាំង​កម្មករ ១៣ នាក់ ត្រូវបាន​ចាប់ខ្លួន​។​

​ចំណែក​លោក ស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព (NIFTUC) ដែល​ត្រូវ​តុលាការ កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ នៅ​ថ្ងៃទី​១២ ខែកញ្ញា នេះ​ផងដែរ គឺ​មិនបាន​ចូលខ្លួន មក​ភ្លឺ​នោះទេ ដោយមាន​បេសកកម្ម នៅក្រៅ​ប្រទេស​។​
​បន្ទាប់ពី​សាកសួរ អស់​ពេល​ជាង​១​ម៉ោង លោក ប៉ាវ ស៊ីណា មិន​ត្រូវបាន​តុលាការ ចោទប្រកាន់ ឬក៏​ចាប់ ខ្លួន​នោះទេ​។​

​លោក ប៉ាវ ស៊ីណា បាន​ប្រាប់​ឲ្យ​ដឹងថា លោក​បាន​ឆ្លើយបំភ្លឺ ទៅតាម​ការសាកសួរ របស់​ចៅក្រម ហើយ​បន្ទាប់ពី​សាកសួរ និង​សន្និដ្ឋាន​រួចមក លោក​ចៅក្រម បានអនុញ្ញាត​ឲ្យ​លោក ត្រឡប់​ទៅវិញ ប៉ុន្តែ​លោក​ត្រូវ​ស្ថិតនៅ ក្រោម​ការត្រួតពិនិត្យ និង​មិន​ឲ្យ​លោក ធ្វើ​សកម្មភាព​ផ្សេងៗ ឬក៏​ជួបជុំ​ធ្វើការ​តវ៉ា​នោះទេ​។​
​លោក​បាន​បន្តថា ការសាកសួរ គឺពាក់ព័ន្ធ​ទៅនឹង​ចំណុច ដែល​ក្តៅ​បំផុត គឺ​ករណី​ប៉ះទង្គិច​គ្នា នៅ​ផ្លូវ​វ៉េងស្រេង ដែល​អាជ្ញាធរ ៣ ខណ្ឌ និង​សមាគម​រោងចក្រ​កាត់ដេរ បាន​ប្តឹង​មកលើ​រូបលោក និង​មេដឹកនាំ​សហជីព ផ្សេងទៀត​។​

លោក ប៉ាវ ស៊ីណា បាន​ម​ន្ថែ​ម​ទៀតថា នេះ​គឺជា​ការគំរាមកំហែង​ថ្មី​មួយទៀត បន្ទាប់ពី​ប្រាក់​ឈ្នួល ១៦០ ដុល្លារ ដែល​យើង​ស្នើសុំ កាលពី​ចុងឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ មិនទាន់មាន​ដំណោះស្រាយ ហើយ​យើង​ស្នើសុំ​ឲ្យ​មាន ការទម្លាក់​នូវ​បទចោទប្រកាន់​ផ្សេងៗ មកលើ​មេដឹកនាំ​សហជីព និង​សកម្មជន តែ​រហូតមក​ដល់ពេលនេះ បញ្ហា​នឹង​នៅតែ ជា​ប្រធានបទ​មួយ ដែល​ត្រូវបាន​ភាគី សមាគម​រោងចក្រ​កាត់ដេរ និង​ភាគី​ពាក់ព័ន្ធ គឺ​យក​បញ្ហា​នឹង​មក​ដាក់បន្ទុក​លើ​ពួកយើង កុំ​ឲ្យ​ពួកយើង ធ្វើ​សកម្មភាព​តវ៉ា​ថ្មី​មួយទៀត​៕