ចិន​ព្រមាន​តបត​វិញ បើ​ភូមា​បន្ត​ទម្លាក់​គ្រាប់បែក​លើទឹក​ដី​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2015 ក+ ក-

នាយករដ្ឋមន្ដ្រី​ចិន លី កៃ​ឃាង ព្រមាន​ថា​កងទ័ព​ប្រជាជន​ចិន​នឹងធ្វើ​ការឆ្លើយ តប​ប្រឆាំងនឹង​កងទ័ព​ប្រទេស ភូមា គឺ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន ប្រសិនបើ​ការបាញ់​ផ្លោង​ឬក៏​ទម្លាក់​គ្រាប់បែក​ចូល​ដែនដី​របស់​ចិន មួយលើកទៀត​នោះ​។​

ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ដ្រី​ចិន បានធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​គឺ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា​យន្ដហោះ​ចម្បាំង​របស់​ភូមា​បាន​ទម្លាក់ គ្រាប់បែក​មួយ​គ្រាប់​ចូលទៅ​ទឹកដី​ចិន​ដោយ​សម្លាប់​ពលរដ្ឋ​ចិន​៤​នាក់ និង​របួស​ជាច្រើន​នាក់​។​

​លោកនាយក​រដ្ឋមន្ដ្រី​លី​កៃ​ឃាង​និយាយថា កងទ័ព​ចិន​ពិត​ជាមាន​សមត្ថភាព​ការពារ​ព្រំដែន​របស់ខ្លួន ហើយ​ជាពិសេស​ការពារ​ពលរ​ដ្ឋ​ចិន​ដែល​ត្រូវបាន​វាយប្រហារ​ក្នុង​កាលៈទេសៈ ណាក៏ដោយ​នោះ គឺ​ប្រយោជន៍​ដើម្បី​ការពារ​ព្រំដែន​របស់ខ្លួន​។​​លោក​បាន​ថ្លែង​ដូចនេះ​នៅក្នុង​សម័យប្រជុំ សភា​ប្រជាជន​ចិន​។ លោក​បាន​បញ្ជាក់ទៀតថា​សន្ដិសុខ​តាម​ព្រំដែន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​សន្ដិសុខ និង​ស្ថិរភាព​សេដ្ឋកិច្ច​ព្រំដែន​។​

​ជាមួយគ្នានេះ​ក្រសួងការពារជាតិ​ប្រទេស ចិន​បានប្រកាសថា ខ្លួន​បា​នប​ញ្ចូ​ន​កងទ័ព​ជាច្រើន​រយ​នាក់​រួចហើយ​ទៅកាន់​ព្រំដែន​ចិន ភូមា គឺ​ដើម្បី​ឆ្លើយតប​ករណី​មាន​ឧបទ្ទវហេតុ​ដូចនេះ​ជាថ្មី​ម្ដងទៀត​។​

​កងទ័ព​ភូមា​បានធ្វើ​សង្គ្រាម​ជាមួយនឹង ពួក​ឧទ្ទាម​ជនជាតិភាគតិច​ហាន​ឬ​គេ​ហៅថា​ជនជាតិ​ចិន​នោះ រយៈពេល​មួយខែ មកហើយ​នៅតាម​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន ប៉ុន្ដែ​ការ​វាយ​ប្រយុទ្ធ​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​ដែលមាន​ឈ្មោះថា​កងទ័ព​ស​ម្ព័​ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដែលជា សហគមន៍​ជនជាតិភាគតិច​ចិន​បាន​បណ្ដាល​ឲ្យ​ជនជាតិភាគតិច​នេះ​ចូលទៅ​ទឹកដី ចិន​នៅ​ខេត្ត​យូ​ណាន​កើន​ឡើងដល់​៣០០០​នាក់​។​

​កងទ័ព​រដ្ឋាភិបាល​ភូមា​បាន​ហៅ​ពួក​ឧទ្ទាម នៃ​ចលនា​សម្ព័ន្ធជាតិ​ហាន​ថា​ជា​ក្រុម​ខុសច្បាប់​ដែល​ចង់​បំបែក​ប្រទេស ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​៕ VOD

150316-borin​កងទ័ព​ប្រទេស​ភូមា​(​រូបភាព​ពី http://i.telegraph.co.uk/)