អាជ្ញាធរ​ហុងកុងចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​៦​នាក់ និង​ថ្នាំ​សន្លប់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2017 ក+ ក-

​ហុងកុង ៖ មន្ត្រី​គយ​របស់​ទីក្រុង​ហុងកុង​បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​ភ្ញៀវទេសចរ​ចំនួន​៦​នាក់​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់ពី​បាន​រកឃើញ​ថ្នាំ​សន្លប់​ជាច្រើន​កញ្ចប់​ដែលមាន​តម្លៃ​រហូតដល់​ទៅ​ជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ក្រុមមន្ត្រី​គយ​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា ថ្នាំ​សន្លប់​ជាង​៨​គីឡូក្រាម​ត្រូវបាន​រកឃើញ​លាក់ទុក​នៅ​ជុំវិញខ្លួន​បុរស​៤​នាក់​ក្នុងចំណោម​ពួកគេ​ទាំង​៦​នាក់​។ មន្ត្រី​គយ​បាន​បន្ថែមថា វា​គឺជា​ការ​រឹបអូស​បាន​ថ្នាំញៀន​ដ៏​ច្រើន​បំផុត​ដែល​ត្រូវបាន​នាំចូល​មកពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​។​
​គួរ​បញ្ជាក់ថា បុរស​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៦​នាក់​នោះ​មិនទាន់​ត្រូវបាន​ចោទប្រកាន់​នៅឡើយ​ទេ​៕