កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា​ដ៏​ធំ​បំផុត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2017 ក+ ក-

សេ​អ៊ូ​ល ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ថ្លែង​ទៅកាន់​ក្រុម​សារព័ត៌មាន​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ថា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ត្រូវបាន​ចាត់ទុកថា ជា​សមយុទ្ធ​ធ្វើ​ឲ្យ​ល្អ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​កងក​ម្លាំ​ង​ប្រទេស​ទាំង​២​នៅក្នុង​ការអនុវត្ត​ប្រតិបត្តិ​ការរួម​គ្នា​។​
​អ្នកនាំពាក្យ​រូបនោះ​អះអាងថា សមយុទ្ធ​នៅក្នុង​ឆ្នាំនេះ​គឺជា​សមយុទ្ធ​ដ៏​ធំ​បំផុត​ដោយមាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​អេ​ហ្វ​-២២ (F-22) ចំនួន​៦​គ្រឿង​, យន្តហោះ​បំបាំងកាយ​អេ​ហ្វ​-៣៥​អេ (F-35A) ចំនួន​៦​គ្រឿង និង​យន្តហោះ​បំបាំងកាយ​អេ​ហ្វ​-៣៥​ប៊ី (F-35B) ចំនួន​១២​គ្រឿង​ដែល​មកពី​កងកម្លាំង​ដែនអាកាស​អាមេរិក រួម​ជាមួយនឹង​យន្តហោះ​ចម្បាំង​ផ្សេងទៀត​របស់​ប្រទេស​កូរ៉េខាងត្បូង​ដែលមាន​ដូចជា​យន្តហោះ​អេ​ហ្វ​-១៥​ខេ (F-15K), ខេ​អេ​ហ្វ​-១៦ (KF-1៦) និង​អេ​ហ្វ​អេ​-៥០ (FA-50) ។ ទន្ទឹម​នោះ​រូប​ពាក្យ​ដដែល​បាន​បន្ថែមថា វា​ជា​រឿង​ដ៏​កម្រ​ដែល​យន្តហោះ​ចម្បាំង​អេ​ហ្វ​-២២ (F-22) ចំនួន​៦​គ្រឿង​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ឧបទ្វីប​កូរ៉េ​ក្នុងពេល​ព្រមៗ​គ្នា​បែបនេះ​។​
​គួរ​បញ្ជាក់ថា សមយុទ្ធ​រួមគ្នាធ្វើឡើង​រយៈពេល​៥​ថ្ងៃ​ និងត្រូវបាន​គេ​ចាត់ទុកថា​ជាការ​សម្ញែង​កម្លាំងយោធា​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​ដោយ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​នោះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​០៨ ខែធ្នូ​ខាងមុខ​៕