ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ស្បថ​ចូលកាន់​តំណែង​ជាមួយ​គណៈរដ្ឋមន្ត្រី​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2017

​ហ្ស៊ី​ម​បា​វ៉េ ៖ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​បាន​ស្បថ​ចូលកាន់​តំណែង​ដើម្បី​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​រួមបញ្ចូល​ទាំង​ក្រុម​អ្នក​ស្មោះ​នឹង​គណបក្សកាន់អំណាច និង​មន្ត្រី​នៅ​ជួរ​កងទ័ព​ដែល​បាន​ជួយ​បណ្ដេញ​លោក រ៉ូ​ប៊ឺ​ត មូ​ហ្គា​បេ អតីត​មេដឹកនាំ​ប្រទេស​នេះ​ចេញពី​អំណាច​។​
​ប្រធានាធិបតី​ថ្មី​លោក អេ​មឺ​សុន មី​ណាន​ហ្គា​ក​វ៉ា (Emmerson Mnangagwa) បាន​និយាយ​ក្រោយពី​វិធី​ស្បថ​ចូលកាន់​តំណែង​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​ថា គោលនយោបាយ​ជា​អាទិភាព​គឺ​ត្រូវ​ស្ដារ​សេដ្ឋកិច្ច​ប្រទេសជាតិ​ដែល​កំពុងតែ​ជួប​វិបត្តិ​ឡើងវិញ​។​
​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ូ​យ៉ូ បានប្រកាស​ពី​ការដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​លោក មូ​ហ្គា​បេ បង្ខំចិត្ត​ចុះចេញ​ពី​អំណាច​ក្រោយពី​លោក​បាន​កាន់អំណាច រយៈពេល​៣៧​ឆ្នាំ ហើយ​លោក មី​ណាន​ហ្គា​ក​វ៉ា ដែល​ត្រូវបាន​លោក មូ​ហ្គា​បេ បណ្ដេញ​ពី​តំណែង​ជា​អនុ​ប្រធានាធិបតី​នោះ​ត្រូវបាន​គណបក្សកាន់អំណាច​សម្រេច​ជ្រើស​រើសយក​ធ្វើជា​ប្រធានាធិបតី​ថ្មី​ដើម្បី​បន្ត​តំណែង​ពី​លោក មូ​ហ្គា​បេ​៕