ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ករណី​ឆបោក​រថយន្ត​យកទៅ​បញ្ចាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​បុរស​បីនាក់​ប្រគល់​ឲ្យ​ប៉ូលិស​ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយពី​ជនសង្ស័យ​ជួល​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០​យកទៅ​ប្រចាំ​នៅ​កុងស៊ីបញ្ចាំ​ក្នុង​តំលៃ​១៧០០០​ដុល្លារ​អាមេរិក​រួច​គេចខ្លួនបាត់​លុះ​មកដល់​ព្រឹក​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៧​ក្រុមហ៊ុន​លី​ហួរ​ស៊ី​ធី​លីង ត្រេ​ន​ស្ព័​រ​ថេ​សិន​(​ខេ​ម​បូ​ឌា​)​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជ​នស​ង្យ័​យ​ចំនួន​៣​នាក់​នោះ ១/​ឈ្មោះ មៀ​ច ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៧ ផ្លូវ​បេតុង ភូមិ​វិហារ​ចិន ឃុំ​ស្វាយ​បង្គំ ខេត្តសៀមរាប (​អ្នក​ជួល​រថយន្ត​) ២/​ឈ្មោះ កែវ ភួង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​បូរី​ពិភពថ្មី ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ (​អ្នកធ្វើ​សាក្សី​)៣/​ឈ្មោះ​សង ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ (​អ្នករួមដំណើរ​ជាមួយ​) ។​
​បើតាម​តំណាង​ក្រុម​ក្រុមហ៊ុន លី ហួរ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ជួល​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ចំនួន​២​គ្រឿង​ឲ្យ​ទៅ​ឈ្មោះ ងួន ហេង ដោយ​គ្រឿង​តម្លៃ​១១០០​ដុល្លារ​ក្នុង​មួយខែ ស្រាប់​បែរជា ឈ្មោះ ងួន ហេង បាន​យក​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6399 ជួល​បន្ត​ឲ្យ​ទៅ​ឈ្មោះ កែវ ភួង និង ឈ្មោះ មៀ​ច ស៊ី​ដេ​ត បាន​ក្នុងតម្លៃ​១៥០០​ដុល្លារ​ក្នុង​មួយខែ តែ​បែរជា​មនុស្ស​ទាំង​២​នាក់​ខាងលើ លួច​យក​រថយន្ត​ជួល​នោះ​ទៅ​ដាក់បញ្ចាំ​បន្តទៀត នៅ​ក្រុមហ៊ុន​ចិន​មួយកន្លែង ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងមក ក្នុងតម្លៃ​១៧០០០​ដុល្លារ​ទៅវិញ រួចមក​ជួល​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-1546 ពី​ឈ្មោះ ងួន ហេង មួយគ្រឿង​ទៀត​កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៧ មក​ជិះ​ធ្វើ​តែ​មិនដឹង ។
​ប្រភព​ដដែល​បន្តទៀត​ថា ដឹង ឃើញ ការជួល​រថយន្ត​ខាងលើ មា​នស​ភាពមិនប្រក្រតី កាលពី​ជួល ឲ្យ​ទៅ​មនុស្ស​ទី​១ បែ​ជា​ឃើញ​រថយន្ត នៅ​មនុស្ស​ទី​២​ជិះ និង​យកទៅ​បញ្ចាំ​ទៀត ទើប​ស្រាវជ្រាវ តាមដាន​ភ្លាមៗ​ទីបំផុត​ប្រទះឃើញ​រថយន្ត​ខ្លួន​នៅ​អ្នកផ្សេង​ជិះ ឃើញ​ឃាត់​ប្តឹង​ប៉ូលីស​នាំទៅ​សាកសួរ​។​
​តាម​សម្តី​ជន​ជាតិចិន​អ្នកទទួល​បញ្ចាំ​ថា ជនសង្ស័យ​ទាំង​២​ខាងលើ​ពិតជា​អ្នកយក​រថយន្ត​ទៅ​បញ្ចាំ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា កន្លងមក​ក្នុងតម្លៃ​១៧០០០​ដុល្លារ​។​
​ក្រោយពី​សាកសួរ រឿងរ៉ាវ​អង្គហេតុ​ខាងលើ កើតឡើង​និង​មាន​ឯកសារ បញ្ចាំ​នៅ​ខាង​ក្រុមហ៊ុន​លី ហួរ ទើប​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ប្រគល់​រថយន្ត​មួយគ្រឿង​និង​មនុស្ស​២​នាក់ ដែលជា​អ្នក​ជួល​ជិះ​ទី​២ ទៅ​ឲ្យ​ខាង​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​ចាត់ការ​បន្ត​៕