អ្នកពាក់ព័ន្ធ​សង្វៀន​ជល់​មាន់នៅ​ស្រុក​ល្វាឯម​ចំនួន​៦៤​នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017

​ខេត្តកណ្តាល ៖ មន្ដ្រី​តុលាការ​ជាន់ខ្ពស់​ខេត្តកណ្ដាល​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ល្ងាចម្សិលមិញ​ថា មនុស្ស​ទាំង​៦៤​នាក់ ដែល​ចូល​លេង​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​មួយខែ ប៉ុន្ដែ​ទោស​នេះ​ត្រូវបាន​តុលាការ​សម្រេច​ព្យួរ ដូច្នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ ទាំងអស់​តែម្ដង​។​
​មន្ដ្រី​រូបនោះ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ប្រធាន​តុលាការ​ខេត្តកណ្ដាល លោក ហុក វ៉ាន់​ធី​ណា បានចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​ឈ្មោះ ម៉ាប់ កូនប្រសា​លោក ហ៊ុន សាន ដាក់ពន្ធនាគារ​ដែលជា​ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​នេះ​។ ការសម្រេច​នេះ​បន្ទាប់ពី​សវនាការ​ត្រូវបាន​បញ្ចប់ និង​យោងតាម​មាត្រា​៤ នៃ​ច្បាប់​ល្បែងស៊ីសង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល​បាន​ប្រាប់​អ្នកកាសែត​ថា ដំបូង​ឡើយ​មនុស្ស​ជាង​១៥០​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជា​បណ្តោះ អាសន្ន ប៉ុន្តែ​ដោយ​អ្នកខ្លះ​ជាជាង​សំណង់ ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ ។ ដូច្នេះ​នៅសល់តែ​មនុស្ស​៦៤​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ ។ ចំណែក​វត្ថុតាង​ដែល ត្រូវបាន​រឹបអូស​វិញ រួមមាន រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រមទាំង​មាន់​ជល់​ជាង​១០០​ក្បាល​៕