រុស្ស៊ី​ដាក់​សារព័ត៌មាន​ចំនួន​០៩ របស់​អាមេរិក និង​អឺរ៉ុប​ចូលក្នុង​បញ្ជីខ្មៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017 ក+ ក-

​ម៉ូស្គូ ៖ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានសម្រេច​ដាក់បញ្ចូល​អង្គភាព​សារព័ត៌មាន និង​ក្រុមហ៊ុន​ប្រតិបត្តិការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ចំនួន​០៩ នៅក្នុង​បញ្ជីខ្មៅ «​ទីភ្នាក់ងារ​បរទេស​» ដោយសារតែ​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ យោងតាម​មាត្រា​៦ មានចែង​នៅក្នុង​ច្បាស់​ស្តីពី​វិស័យ​សារព័ត៌មាន របស់​សហព័ន្ធរុស្ស៊ី​។ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី RT ។​
​ការសម្រេច​ដាក់​អង្គភាព​សារព័ត៌មាន និង​ក្រុមហ៊ុន​ទាំង​០៩​នេះ​ត្រូវបាន​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​អះអាងថា ជាការ​ឆ្លើយតប​វិញ​យ៉ាង​សាក​សម​ទៅនឹង​ទង្វើ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែល​ខ្លួន​មិនអាច​ទទួលយកបាន នោះ​គឺ​ការដាក់​សម្ពាធ​លើ​សារព័ត៌មាន​រុស្ស៊ី Russia Today America (RT) ប្រចាំ​នៅ​សហរដ្ឋអាមេរិក​។​
​ក្រុមហ៊ុន និង​អង្គភាព ដែល​បម្រើការ​លើ​ប្រព័ន្ធ​ផ្សាយ​ទាំង ០៩ មានចែង​ក្នុង​បញ្ជីខ្មៅ​នោះ​រួមមាន​៖
១៖ សារព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក (VOA)
២៖ វិទ្យុ​អឺរ៉ុប​សេរី និង​វិទ្យុ​សេរីភាព (RFE/RL)
៣៖ វិទ្យុ Radio Azatliq សាខាប្រទេស​រុស្ស៊ី​
៤៖ វែបសាយ Kavkaz.Realii
៥៖ វែបសាយ Krym Realii
៦៖ វែបសាយ Sibir Realii
៧៖ ប៉ុស្តិ៍​ទូរទស្សន៍ Current Time TV
៨៖ វែបសាយ factograph.info (​បណ្តាញ​វិទ្យុ RFE/RL)
៩៖ គំរោង​ផ្សព្វផ្សាយ IdelRealii project (​បណ្តាញ​វិទ្យុ RFE/RL)
​សូមបញ្ជាក់ថា បញ្ជីខ្មៅ​មួយ​សម្រាប់​ដាក់​អង្គភាព​ព័ត៌មាន​ណាមួយ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាស់​ប្រទេស​រុស្ស៊ី ហើយ​អង្គភាព​ដែលមាន​ជាប់​ឈ្មោះ​ក្នុងនេះ គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទៅយក​ព័ត៌មាន នៅក្នុង​រដ្ឋសភាជាតិ និង​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី ដែលជា​សភា​ទាំងពីរ​ជាន់ថ្នាក់ របស់​ប្រទេស​រុស្ស៊ី​នោះឡើយ​៕