ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​តវ៉ា​ប្រឆាំង​ការទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017

​ប៉ា​ឡេ​ស្ទី​ន ៖ កាលពី​ថ្ងៃ​ពុធ ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា និង​នៅ​ប្រទេស​លី​បង់​បាន​បញ្ចេញ​ប្រតិកម្ម​តវ៉ា​ប្រឆាំងនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជាទី​ក្រុង​របស់​ប្រទេស​អ៊ីស្រាអែល ជា​ទង្វើ​មួយ​ដែល​អាច​នឹង​បន្ថែម​អំពើហិង្សា​នៅក្នុង​ពិភពលោក​។​
​មេដឹកនាំ​ហា​ម៉ាស​នៅ​ទីក្រុង​ហ្គា​ហ្សា​លោក អ៊ី​ស្មែ​ល រ៉ា​ដ​វ៉ាន បាន​ហៅ​ផែនការ​នេះ​ថា «​អយុត្តិធម៌​» ហើយ​បាន​អំពាវនាវ​ឲ្យ​គេ​បណ្ដេញ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ទាំងអស់​ចេញពី​ទឹកដី​នៅ​ពិភព​អារ៉ាប់​និង​ពិភព​អ៊ីស្លាម​។ ទន្ទឹមនេះដែរ ក្រុមអ្នកតវ៉ា​គ្រប់​ស្រទាប់​ទាំងអស់​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ទីក្រុង​បេ​រួត​ប្រទេស​លី​បង់​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការទទួលស្គាល់​នេះ​ផងដែរ​។​
​តំណាង​ក្រុម​ហា​ម៉ាស​នៅ​ប្រទេស​លី​បង់​បាន​ប្រាប់​ក្រុមអ្នកកាសែត​ពីថ្ងៃ​ម្សិលមិញ​ថា ការទទួលស្គាល់​របស់​អាមេរិក​នេះ​គឺជា​ឈ្លានពាន​មិន​ត្រឹមតែ​ទៅលើ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទៅលើ​ប្រទេស​នៅ​តំបន់​អារ៉ាប់ និង​អ៊ីស្លាម​ទាំងមូល​ថែមទៀត​។​
​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី Donald Trump បានទទួល​ស្គាល់​ក្រុង​យេ​រូ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ពុធ​ដោយ​មិន​អើពើ​នឹង​ការព្រមាន​អំពី​កំហុសឆ្គង​ជា​ប្រវត្តិសាស្ត្រ​ដែល​អាច​បង្ក​ឲ្យ​មាន​អំពើហិង្សា​កាន់តែខ្លាំង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​៕