កម្ពុជា ចាត់ទុក​ការដាក់​បម្រាម​របស់​អា​មេ​រិ​ក ជាការ​សម្រេចចិត្ត​ខុស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017 ក+ ក-

​ភ្នំពេញ ៖ ឯ​.​ឧ ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​សេចក្តីសម្រេចចិត្ត​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​ហាម​មិន​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមគ្រួសារ ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក ថា​ជាការ​សម្រេចចិត្ត​ខុស ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​អាមេរិក និង​បំផ្លាញ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ដែល​សហរដ្ឋអាមេរិក​បាន​សាង​នៅ​កម្ពុជា​។​
​ប្រតិកម្ម​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ នា​ព្រឹក​ថ្ងៃ ទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានប្រកាស​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួមទាំង​ក្រុមគ្រួសារ មិន​ឲ្យ​ធ្វើដំណើរ​ចូល​ទឹកដី​សហរដ្ឋអាមេរិក ក្រោម​ហេតុផល​ថា មន្ត្រី​ទាំងនោះ​បានធ្វើឱ្យ​ខូច​ដល់​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​ឯ​.​ឧ ផៃ ស៊ី​ផាន បាន​លើកឡើងថា “​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​អាមេរិក​ជាការ​សម្រេចចិត្ត​មួយ​ខុសពី​ស្ថានភាព​ពិតប្រាកដ​របស់​កម្ពុជា អំពី​ការប្រឹងប្រែង​ពង្រឹង​លទ្ធិ​ប្រជា ធិបតេយ្យ​នៅ​កម្ពុជា ចំពោះ​គណបក្ស​ដែល​ត្រូវបាន​រំលាយ​រួច​ទៅហើយនោះ គឺ សម រង្ស៊ី និង កឹម​សុខា មិនបាន​រួម​ជា​ដៃគូ​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែលជា​ទំនិញ​របស់​សហរដ្ឋអាមេរិក​ចង់ បាន​នោះទេ គឺ សម រង្ស៊ី និង កឹម សុខា តែងតែ​ធ្វើពហិការ គេ​តែងតែ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ គេ​ប្រឆាំង​ជាមួយ​ស្ថាប័ន​ជាតិ​ទាំងបី មាន​រាជរដ្ឋាភិបាល សភា និង​តុលាការ ។ ឯ​.​ឧ បន្តថា ការសម្រេចចិត្ត​របស់​ក្រសួងការបរទេស​អាមេរិក នាពេលនេះ មិន​ត្រឹមតែ​ជាការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ ក៏​ជាការ​បំផ្លាញ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ទៀតផង​”​។​ ​
​ឯ​.​ឧ ផៃ ស៊ី​ផាន បន្ថែមថា “​ការសម្រេចចិត្ត​របស់​ក្រសួងការបរទេស​អាមេរិក​នេះ​គឺ​អយុត្តិធម៌​ចំពោះ​អ្វីដែល​កើតឡើង​ពិតប្រាកដ​នៅ​កម្ពុជា រួមទាំង​ការប្រឹងប្រែង​របស់​កម្ពុ​ជា ហើយ​អ្វីដែល​កើត ឡើង​នេះ គឺ​សហរដ្ឋអាមេរិក​ទេ ដែល​បង្ហាញថា ខ្លួន​មិន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា មិន​ស្វែងយល់​ឲ្យ​បាន​ច្បាស់​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​ការសម្រេចចិត្ត​។ ចំពោះ​សេចក្តីសម្រេចចិត្ត​នេះ ដែរ គឺ​ទទួលបាន​សារ​មិនល្អ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា គឺ​លោក វីល្លៀម ហេ​ដ ដែល​លោក​បាន​យល់​ច្រ​លំ​ថា កម្ពុ​ជាមាន​ជំហរ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក គឺជា​ការយល់​ខុស ១០០%​ដែល​ជាការ​បរិហារ​លើ​ភក្តីភាព​របស់​កម្ពុជា ចំពោះ​សហរដ្ឋអាមេរិក​”​។
​គួរ​កត់សម្គាល់ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អាមេរិក​ប្រើ​វិធាន​តឹងរ៉ឹង​មកលើ​កម្ពុជា បន្ទាប់ ពី​ការបញ្ឈប់​ផ្តល់ជំនួយ​របស់​អាមេរិក​មកកាន់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា​។
​សូម​ជម្រាប​ផងដែរ​ថា ក្នុង​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក មិនបាន​ចុច​ឲ្យ​ចំ​ឈ្មោះថា តើ​មាន​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​រូប​ណាខ្លះ​ដែល​ត្រូវ​បិទ​ទិដ្ឋាការ​នោះទេ តែ​បាន​ភ្ជាប់ សមាជិកគ្រួសារ​របស់​មន្ត្រី​ទាំងនោះ ក៏​មិន​ឱ្យចូល​ទៅកាន់​ដឹក​ដី​អាមេរិក​ផងដែរ​។
​ទោះជា​យ៉ាងណា​ក៏​ក្តី ការប្រកាស​របស់​ក្រ​សួ​ការបរទេស​អាមេរិក ក៏បាន​អំពាវនាវ​រំ​ឮ​ក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បង្វិល​ស្ថាន​ការ​ទាំងអស់​ឲ្យ​វិល​ទៅរក​ស្ថានភាព​ដូចដើម​ឡើងវិញ ដែល​ទង្វើ​នេះ អាចឈាន​ទៅរក​ការលើកលែង​ការហាមឃាត់​ថ្មី​របស់​អាមេរិក​នេះ​វិញ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​រាជ រដ្ឋាភិបាល ឯ​.​ឧ ផៃ ស៊ី​ផាន បានបញ្ជាក់​អះអាងថា ការអំពាវនាវ​របស់​អាមេរិក គឺ​មិនអាច​ឱ្យធ្វើតាម​បានទេ ដោយ​កម្ពុជា​នៅតែ​បន្តដំណើរ​ទៅមុខ​ដដែល​៕