មេដឹកនាំ​ហេស​ប៊ូ​ឡា​អំពាវនាវ​ឲ្យ​ប្រជាជាតិ​មូស្លីម​ដាក់​សម្ពាធ​លើ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017

​លី​បង់ ៖ មេដឹកនាំ​ហេស​ប៊ូ​ឡា​កំពុង​អំពាវនាវ​ឲ្យ​ប្រជាជាតិ​មូស្លីម និង​តំបន់​អារ៉ាប់​ទាំងអស់​រួមគ្នា​ដាក់​សម្ពាធ​ទៅលើ​សហរដ្ឋអាមេរិក​ដើម្បី​ឲ្យ​កែប្រែ​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា ជាទី​ក្រុង​របស់​ប្រទេស​អ៊ីស្រាអែល​។​
​លោក ហាស្សាន ណា​ស្រា​ឡា មេដឹកនាំ​ក្រុម​ហេស​ប៊ូ​ឡា​បាន​និយាយ​ពី​ព្រហស្បតិ៍​ថា រាល់​កិច្ចចរចា​នៅ​តំបន់​មជ្ឈិមបូព៌ា​ទាំងអស់​ត្រូវតែ​បញ្ឈប់ ហើយ​ថា ការប្រកាស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ នេះ​គឺជា​ការឈ្លានពាន​របស់​អាមេរិក​ទៅលើ​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​
​លោក ណា​ស្រា​ឡា បាន​និយាយ​តាម​ទូរទស្សន៍​ថា លោក​មិនបាន​គំរាម​ធ្វើ​សកម្មភាព​យោធា​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​គាំ​ការអំពាវនាវ​របស់​ព​ល​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​សុំ​ឲ្យ​មានការ​ក្រោកឈរ​ជាថ្មី​ម្ដងទៀត​ដើម្បី​ប្រឆាំងនឹង​ទង្វើ​របស់​សហរដ្ឋអាមេរិក​។​
​សូមបញ្ជាក់ថា ក្រុម​ហេស​ប៊ូ​ឡា​គឺជា​ក្រុម​សកម្មប្រយុទ្ធ​នៅ​ប្រទេស​លី​បង់ ហើយ​ក្រុម​នេះ​គឺជា​ក្រុម​យោធា​ឈានមុខ​គេ​មួយ​ដែល​បាន​គំរាមកំហែង​ប្រទេស​អ៊ីស្រាអែល​កាលពី​ឆ្នាំ​២០០០​ក្រុម​នេះ​បាន​បង្ខំ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ចេញពី​ផ្នែក​ខាងត្បូង​ប្រទេស​លី​បង់ ហើយ​ឆ្នាំ​២០០៦​ក្រុម​នេះ​ក៏បាន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ផងដែរ​៕